ខេត្តសៀមរាប៖ ពិតជាគួរឲ្យសរសើរ ពីទឹកចិត្តចេះចែករំលែកក្ដីស្រឡាញ់ របស់តារាកូនកាត់ខ្មែរ-កូរ៉េ ស្រីស្រស់ EE និងអ្នកម្ដាយរបស់នាង (ម៉ាក់ EE) ដែលបានឆ្លៀតពេលពីការប្រគំតន្រ្តី តាំងពិព័រណ៍លក់ផលិតផលរបស់ខ្លួនពេល២ថ្ងៃ ដើម្បីចែករំលែកក្ដីស្រឡាញ់ដល់មណ្ឌលកុមារកំព្រាមួយ មានឈ្មោះថា «សេចក្ដីសង្ឃឹមនាងហាណា» ស្ថិតក្នុងខេត្តសៀមរាប ដោយបាននាំយកនូវសម្ភារៈសិក្សា, គ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ចែកជូនដល់កុមារកំព្រាប្រមាណ ៤៩នាក់ ក្នុងមណ្ឌលមួយនេះដោយផ្ទាល់។
តំណាងរបស់តារាកូនកាត់ខ្មែរ-កូរ៉េ វ័យក្មេង ស្រីស្រស់ EE បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា កញ្ញា EE និងម្ដាយរបស់នាង ដែលមហាជនតែងហៅថា «ម៉ាក់ EE» បានសម្ដែងរំភើបរីករាយ ដែលបានឃើញស្នាមញញឹមរបស់កុមារទាំងអស់នោះ ហើយមិននឹកស្មានថា ពួកគេសុទ្ធតែជាអ្នកគាំទ្រ កញ្ញា EE តាំងពីដើមមក និយាយរួមគឺជាហ្វេនៗរបស់កញ្ញា EE ទាំងអស់តែម្ដង។
ក្នុងទឹកមុខសប្បាយរីករាយ ពេលដែលបានជួបជាមួយតារាកូនកាត់ខ្មែរ-កូរ៉េ កញ្ញា EE និងម៉ាក់របស់ EE រួចមក ពួកគេបានបង្ហាញមហិច្ឆតាចង់ក្លាយជា តារាល្បីដូចជា EE ដែរ។
តំណាងដដែលបន្តថា បន្ទាប់ពីសំណេះសំណាល និងផ្ដល់ជូននូវសម្ភារៈសិក្សា, គ្រឿងឧបភោគ-បរិភោគ និងថវិការួចមក ពួកគេក៏បានថតរូបជុំគ្នាយ៉ាងសប្បាយរីករាយ ព្រមទាំងផ្ដល់នូវស្នាមញញឹម និងក្ដីស្រឡាញ់ឲ្យគ្នាទៅវិញទៅមក ប្រកបដោយភាពស្និទ្ធស្នាល។
តំណាងមណ្ឌលកុមារកំព្រា «សេចក្ដីសង្ឃឹមនាងហាណា» បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់តារាស្រី EE និងម្ដាយរបស់នាង (ម៉ាក់ EE) ដែលបានចែករំលែកក្ដីស្រឡាញ់ និងធ្វើនូវសកម្មភាពមនុស្សធម៌ ដល់មណ្ឌលកុមារកំព្រាមួយនេះ ដែលធ្វើឲ្យពួកគេ កាន់តែមានកម្លាំងចិត្ត ក្នុងការបន្តការសិក្សាទៅថ្ងៃអនាគត។
ជាការពិត តារាកូនកាត់ខ្មែរ-កូរ៉េ វ័យក្មេងស្រីស្រស់ EE និង ម៉ាក់ EE បានរៀបចំកម្មវិធីតាំងពិព័រណ៍ផលិតកូរ៉េសុទ្ធ ដោយមានការប្រគំតន្រ្តី បញ្ចេញក្បាច់រាំពិសេសៗ នៅខេត្តសៀមរាប រយៈពេល២ថ្ងៃ គឺថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ ហើយនាងក៏បានរៀបចំធ្វើសកម្មភាពមនុស្សធម៌ ចែករំលែកក្ដីស្រឡាញ់ដល់កុមារកំព្រា បន្ទាប់ពីចប់ភារកិច្ចនៃការប្រគំតន្រ្តីចប់រួចរាល់។
សូមបញ្ជាក់ថា តារាកូនកាត់ខ្មែរ-កូរ៉េវ័យ១៨ឆ្នាំ ស្រីស្អាត EE កំពុងត្រូវបានវិស័យ K-POP ដ៏ល្បីរបស់ប្រទេសកូរ៉េចាប់អារម្មណ៍លើរូបនាង និងត្រៀមបើកផ្លូវឲ្យតារាកូនកាត់រូបនេះ ដើរចូលក្នុងវិស័យមួយនេះទៀតផង។
កញ្ញា EE បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដែលជាទឹកដីកំណើតរបស់ខ្លួន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បន្ទាប់ពីបានចេញទៅបំពេញការងារសិល្បៈ នៅប្រទេសកូរ៉េអស់រយៈពេលជាច្រើនថ្ងៃកន្លងមក។
មហាជន និងអ្នកគាំទ្របានលើកឡើងថា ប្រសិនបើតារាវ័យក្មេងរបស់កម្ពុជា កញ្ញា EE អាចចូលជាសមាជិក K-POP នាពេលខាងមុខនោះបានមែន, EE និងក្លាយជាក្មេងស្រីទី១របស់កម្ពុជា ដែលចូលក្នុងវិស័យចម្រៀង K-POP របស់ប្រទេសកូរ៉េ។
មិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណោះទេ EE ក៏ជាម្ចាស់ប្រេនក្រុមហ៊ុន Cosmtic ផ្ទាល់ខ្លួនមួយ មានឈ្មោះថា «EEBLACK9» ដែលជាផលិតផលពីរោងចក្រ ខ្នាតយក្សរបស់ប្រទេសកូរ៉េទៀតផង ៕
0 comments:
Post a Comment