រយ:ពេលបីថ្ងៃនៃបុណ្យចូលឆ្នាំចិន-វៀតណាម ខេត្តបាត់ដំបង ទទួលភ្ញៀវទេសចរណ៍ជាង ១៣ម៉ឺននាក់
បាត់ដំបង: អំឡុងពេលបីថ្ងៃនៃបុណ្យចូលឆ្នាំចិន-វៀតណាម ខេត្តបាត់ដំបង បានទទួលភ្ញៀវទេសចរណ៍ចូលលេងកម្សាន្តជាង ១៣ម៉ឺននាក់។
លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងនៅថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ ២០២២នេះថា ក្នុងថ្ងៃបុណ្យប្រពៃណីចិន-វៀតណាម រយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២២ ខេត្តបាត់ដំបងបានទទួលស្វាគមន៍ទាំងភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិពីក្នុង និងក្រៅខេត្ត សរុបចំនួន ១៣៤.៧៨៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១៣៤.៤៧៣នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិ ( ផ្ទៃក្នុង )សរុបចំនួន ៣១២នាក់។
វត្តមានភ្ញៀវទេសចរណ៍ដែលមកដល់ខេត្តជាប់ជ័យលាភីផ្ការំដួលបីទង ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាមនេះមានចំនួន ១៣៤.៧៨៥នាក់ គឺមានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឱកាសថ្ងៃឆ្លងឆ្នាំ ២០២១-២០២២ ភ្ញៀវមានចំនួនជិត ១០ម៉ឺននាក់។
លោក អ៊ុច អ៊ុភីនីស្សារ៉ា បានបន្តថា រមណីយដ្ឋាន និងតំបន់ទេសចរណ៍សំខាន់ៗសរុបចំនួន ១១១កន្លែងជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលក្នុងភូមិសាស្ត្រខេត្តបាត់ដំបងក្នុងនោះរួមមាន: រមណីយដ្ឋានប្រាសាទបាណន់, រមណីយដ្ឋានភ្នំសំពៅ, ទស្សនាហ្វូងសត្វប្រចៀវល្អាងភ្នំពៅ, រមណីយដ្ឋានប្រាសាទឯកភ្នំ, អាងទឹកកំពីងពួយ, រមណីយដ្ឋានស្ទឹងថ្មដា រមណីយដ្ឋានទឹកធ្លាក់ ៥៣ ក្នុងស្រុកភ្នំព្រឹក, រមណីយដ្ឋាននគរជុំភ្នំព្រឹក, ភ្នំកំពូល, វត្តល្អាងកង្កែប, វត្តនាងរំសាយសក់, វត្តភ្នំជីហង្ស, រមណីយដ្ឋានវត្តភ្នំចំបាំង និងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំល្អាងភ្នំប្រាំពីរជាដើម៕
0 comments:
Post a Comment