នាព្រឹកថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម ឆឺតគៀត អាត់ថៈកន (CHERDKIET ATTHAKOR) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅក្នុងឱកាសដែល ឯកឧត្តមនឹងបញ្ចប់បេសកកម្មការងារនៅកម្ពុជា នាពេលឆាប់ៗខាងមុខ។
ក្នុងជំនួបនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងពីកិច្ចសហប្រតិបត្តិការនានារវាងព្រះរាជាណាចក្រទាំងពីរនាពេលកន្លងមក ពិសេសលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធតាមខ្សែបន្ទាត់ព្រំដែន ជាអាទិ៍ ផ្លូវជាតិលេខ៦៧ និង៦៨ ជាដើម ដែលជាការរួមចំណែករក្សានូវសន្តិសុខសណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជនប្រទេសទាំងសងខាង។
តាមរយៈឯកឧត្តមឯកអគ្គរាជទូត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះសម្តែងនូវអំណរគុណទៅកាន់ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA – Neighbouring Countries Economic Development Cooperation Agency) រាជរដ្ឋាភិបាលថៃ ក៏ដូចជាឯកឧត្តមឯកអគ្គរាជទូត ចំពោះកិច្ចសហប្រតិបត្តិការនានារៀងមក។ ក្នុងកាលៈទេសៈដែល ឯកឧត្តមឯកអគ្គរាជទូត នឹងបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរ និងបង្ហាញនូវជំនឿចិត្តថាទំនាក់ទំនងមិត្តភាពដ៏ល្អប្រពៃរវាង រាជរដ្ឋាភិបាល និងប្រជាជនក្នុងនាមជាអ្នកជិតខាង នឹងបន្តនូវភាពភាពជិតស្និត និងល្អប្រសើរបន្ថែមទៀត ជាពិសេសលើកិច្ចការវិនិយោគ៕










ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
0 comments:
Post a Comment