(ភ្នំពេញ)៖ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងាររដ្ឋបាលឆ្នាំ២០២៥ របស់សាលាឧទ្ធរណ៍ និង មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានប្រារព្ធឡើង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន អគ្គព្រះរាជអាជ្ញារង ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីតុលាការ ក្នុងដែនសមត្ថកិច្ចសាលាឧទ្ទរណ៍ភ្នំពេញ និងមន្ត្រីពន្ធនាគារ សរុប២២២នាក់។
ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានមានប្រសាសន៍ថា៖ សន្និបាតបូកសរុបលទ្ធផលការងារនេះ ប្រារព្វឡើង ដើម្បីត្រួតពិនិត្យលទ្ធផលការងារ ដែលបានអនុវត្តក្នុងឆ្នាំ២០២៤កន្លងទៅ ដោយបង្ហាញអំពីសមិទ្ធផលដែលសម្រេចបាន និងលើកយកបញ្ហាប្រឈមមួយចំនួនមកដោះស្រាយ កែលម្អឱ្យទាន់ពេលវេលា និងកាន់តែប្រសើរ ដើម្បីរួមចំណែកលើកកម្ពស់វិស័យយុត្តិធម៌ឱ្យកាន់តែរីកចម្រើនរុងរឿង ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមប្រធាន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបាន គឺកើតចេញពីមហាកម្លាំងសាមគ្គី រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយដោយឆន្ទៈមោះមុត ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ហើយ ឯកឧត្តមប្រធាន សូមចូលរួមអបអរសាទរ និងកោតសរសើរចំពោះ ថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីរាជការទាំងអស់ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអម ដែលបានយកចិត្តទុកដាក់អនុវត្តការងារអស់ពីកម្លាំងកាយចិត្ត កម្លាំងប្រាជ្ញា ធ្វើឱ្យសម្រេចបាននូវរាល់ភារកិច្ចក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជន។
ឯកឧត្តមប្រធាន សេង ស៊ីវុត្ថា បានផ្ដល់មតិណែនាំ ០៧ចំណុច ដូចខាងក្រោម៖
១-បន្តដាក់កម្មវិធីជំនុំជម្រះរឿងក្ដីគ្រប់ប្រភេទឱ្យបានឆាប់រហ័ស ទាំងរឿងចាស់ រឿងថ្មី ពិសេសសំណុំរឿងអាទិភាពជាអាទិ៍ សំណុំរឿងគ្រឿងញៀន សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ សំណុំរឿងក្មេងទំនើង និងសំណុំរឿងអត្រានុកូលដ្ឋាន។
២-ត្រូវបន្តអនុវត្តដោយហ្មត់ចត់ការជំនុំជម្រះរឿងក្តីគ្រប់ប្រភេទឱ្យបានត្រឹមត្រូវ យុត្តិធម៌ ដោយ
ផ្នែកលើគោលការណ៍ច្បាប់ ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធតុលាការ។
៣-ត្រូវខិតខំរៀបចំសេចក្តីសម្រេចគ្រប់ប្រភេទឱ្យមានលក្ខណៈត្រឹមត្រូវ ទាំងផ្នែកអង្គហេតុ សំអាងហេតុ និងផ្នែកសេចក្តីសម្រេចដែលមានកំណត់ក្នុងច្បាប់។
៤-ត្រូវបន្តពង្រឹង និងចាត់វិធានការកែលម្អការគ្រប់គ្រង ការត្រួតពិនិត្យយន្តការការងាររដ្ឋបាលតុលាការឱ្យកាន់តែល្អប្រសើរ ដោយផ្តើមចេញពីការកសាងសមត្ថភាពរៀនសូត្រពីការងារ ពីកំហុស និងដកបទពិសោធន៍ ប្រកបដោយគំនិតនិងភាពច្នៃប្រឌិត ដោយប្រកាន់យកគុណភាព ភាពទៀងត្រង់ និងសុច្ចរិត យុត្តិធម៌ជាចម្បង ដើម្បីធានាដល់ដំណើរការនៃការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធតុលាការ។
៥-ត្រូវបន្តពង្រឹង និងលើកកម្ពស់ការងារសមភាពយេនឌ័រ របស់រាជរដ្ឋភិបាល ក្នុងការបញ្ជ្រាបយនឌ័រជាកិច្ចការអន្តរវិស័យ ដើម្បីធានាការចូលរួមអនុវត្តការងារគ្រប់ផ្នែកគ្រប់វិស័យរបស់ស្ត្រី និងការគាំទ្រការលើកកម្ពស់ស្ត្រី ក្នុងការអនុវត្តការងារ ការផ្ដល់ឋានៈនិងតួនាទីរបស់ស្ត្រីឱ្យកាន់តែល្អប្រសើរ។
៦-ត្រូវរិតចំណងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ដោយមិនរើសអើង មិនប្រកាន់បក្សពួកគ្រួសារនិយម មិនអុជអាល មិនបំបែកបំបាក់សាមគ្គីផ្ទៃក្នុង និងមិនត្រូវមានមោទនភាពហួសហេតុ។
៧-ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុងឱ្យបានហ្មត់ចត់ ដោយប្រកាន់ខ្ជាប់នូវ អភិក្រមទាំងប្រាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ដែលមានខ្លឹមសារថា “មន្ត្រីរាជការជាខ្ញុំបម្រើរបស់រាស្ត្រ មន្ត្រីរាជការមិនមែនជាចៅហ្វាយនាយរបស់រាស្ត្រទេ” និងត្រូវចងចងចាំអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារថា “សម្អាតផ្ទះយើង” ព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវក្រមសីលធម៌វិជ្ជាជីវៈ ដែលមានចែងក្នុងច្បាប់។
ក្នុងឱកាសដ៏វិសេសវិសាលនេះ អង្គសន្និបាតទាំងមូលសូមសម្តែងនូវការគោរពដឹងគុណ និងគោរពកោតសសើរដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីនយោបាយកំណែទម្រង់វិស័យយុត្តិធម៌ ដែលធានានិងរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនរុងរឿង ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងក្រោមម្លប់សន្តិភាព។
អង្គសន្និបាតទាំងមូល ក៏សូមសម្តែងនូវការគោរពកោតសរសើរដ៏ខ្ពង់ខ្ពស់ ជូនចំពោះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានដាក់ចេញយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការតាមសេចក្តីសម្រេចលេខ០១ កយ.សសរ/២៤ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ សំដៅការកាត់បន្ថយការកកស្ទះសំណុំរឿង និងការដោះស្រាយរឿងក្តី បានឆាប់រហ័ស ត្រឹមត្រូវ និងយុត្តិធម៌។ យុទ្ធនាការនេះ ទទួលបាននូវការអបអរសាទរនិងគាំទ្រពីសំណាក់ ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងទទួលបានជោគជ័យដ៏ត្រចះត្រចង់ ដូចមានក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ របស់ក្រសួងយុត្តិធម៌ ជាតឹកតាង
និងជាទីមោទន។
ឆ្លងតាមរបាយការណ៍ ការពិភាក្សា និងការផ្តល់មតិយោបល់យ៉ាងផុសផុល អង្គសន្និបាត បានកំណត់ទិសដៅការងារអនុវត្តបន្ត ចំនួន ១០ចំណុច ដូចខាងក្រោម៖
១-ជំរុញការជំនុំជម្រះសំណុំរឿងក្ដីអាទិភាពរួមមាន សំណុំរឿងគ្រឿងញៀន សំណុំរឿងចរាចរណ៍សំណុំរឿងអត្រានុកូលដ្ឋាន សំណុំរឿងក្មេងទំនើង ឱ្យបានឆាប់រហ័ស ត្រឹមត្រូវ និងយុត្តិធម៌។
២-ជំរុញការជំនុំជម្រះសំណុំរឿងក្ដីគ្រប់ប្រភេទទាំងសំណុំរឿងចាស់ និងសំណុំរឿងថ្មី ឱ្យបានឆាប់រហ័ស ត្រឹមត្រូវ និងយុត្តិធម៌។
៣-បន្តជំរុញការងារពន្លឿន និងការដោះស្រាយរឿងក្តីនៅសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ស្របតាមសេចក្តីសម្រេចលេខ ០១ កយ.សសរ/២៤ ចុះថ្ងៃ៤ ខែមករា ឆ្នាំ២០២៤របស់ក្រសួងយុត្តិធម៌។
៤-បន្តជំនុំជម្រះតាមគោលការណ៍ឆាប់រហ័សសំណុំរឿងក្តីព្រហ្មទណ្ឌអាទិភាព រួមមាន៖ បទជួញដូរផ្លូវភេទ បទចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ បទវិតិក្រម បទសម្អាតប្រាក់ បទពុករលួយ បទល្មើសពន្ធដារ និងគយ បទល្មើសប្រឆាំងនឹងសន្តិសុខសង្គម រឿងក្ដីអនីតិជន រឿងក្ដីដែលមានជនជាប់ចោទជាស្ត្រីក្រីក្រ មានផ្ទៃពោះ និងមានកូនតូចក្នុងបន្ទុក រឿងក្ដីដែលសាលាដំបូងប្រកាសផ្តន្ទាទោសលើជនជាប់ចោទកម្រិតទាប និងរឿងក្ដីដែលសាលាដំបូងសម្រេចឱ្យជនជាប់ចោទដែលជាប់ឃុំរួចខ្លួន ដោយមានបណ្ដឹងឧទ្ធរណ៍របស់តំណាងអយ្យការ។ រឿងក្ដីទាំងអស់នេះ ត្រូវចុះក្នុងប្រព័ន្ធទិន្ន័យ ចុះបញ្ជីដោយបញ្ចូនចេញ និងដាក់កម្មវិធីជំនុំជម្រះ ឱ្យបានឆាប់រហ័ស ស្របតាមគោលការណ៍ច្បាប់។
៥-បន្តអនុវត្តគោលការណ៍ឆាប់រហ័សការបញ្ចូនចេញសេចក្តីសម្រេចគ្រប់ប្រភេទជាអាទិ៍ សេចក្តីសម្រេចមិនទាន់ស្ថាពរ និងស្ថាពរ ដល់ភាគីពាក់ព័ន្ធ ជាពិសេសជនជាប់ឃុំ។
៦-បន្តធ្វើអធិការកិច្ចនៅមន្ទីរស៊ើបសួរសាលាដំបូងរាជធានី-ខេត្ត និងអធិការកិច្ចពន្ធនាគារ ក្នុងដែនសមត្ថកិច្ចសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីធានាដល់ដំណើការល្អនៃមន្ទីរស៊ើបសួរ។
៧-បន្តធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូងរាជធានី-ខេត្ត អង្គភាពនគរបាលយុត្តិធម៌ និងពន្ធនាគារ ក្នុងដែនសមត្ថកិច្ចសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីពង្រឹងការអនុវត្តច្បាប់។
៨-ជម្រុញចេញសាលដីកាព្រហ្មទណ្ឌ និងសាលដីកាព្រហ្មទណ្ឌស្ថាពរ អោយបានឆាប់រហ័សស្របតាមគោលការណ៍ច្បាប់។
៩-បន្តពង្រឹង និងចាត់វិធានការកែលម្អការគ្រប់គ្រងរដ្ឋបាលតុលាការឱ្យកាន់តែប្រសើរឡើង។
១០-បន្តពង្រឹង និងលើកកម្ពស់ការងារសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជ្រាបយេនឌ័រជាកិច្ចការអន្តរវិស័យ។
ទីបញ្ចប់ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្ដមអគ្គព្រះរាជអាជ្ញា បានប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរ ជូនដល់ថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និង នាយកដ្ឋានទាំងបួន នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ភ្នំពេញ ដែលមានស្នាដៃ និងសីលធម៌ល្អ ក្នុងការបំពេញភារកិច្ច សរុបចំនួន ៧៦នាក់។ ដោយ ថ្មីពិត
0 comments:
Post a Comment