(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានកោតសរសើរ និងដឹងគុណកងទ័ពទាំងអស់ដែលបានលះបង់កម្លាំងកាយ ចិត្ត និងហ៊ានពលីអាយុជីវិតក្នុងការចូលរួមការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន។
ការកោតសរសើេរបែបនេះរបស់លោកអភិបាលខេត្តបានធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសលោកបានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធចុះសួរសុខទុក្ខបងប្អូនកងកម្លាំងប្រដាប់អាវុធជួរមុខ និងត្រួតពិនិត្យសមិទ្ធផលតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅចំណុចប្រាសាទតាមាន់ ស្ថិតក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល។
នៅក្នុងឱកាសនោះលោក មាន ចាន់យ៉ាដា បានផ្តាំផ្ញើនូវប្រសាសន៍សាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធរបស់យើង ជាពិសេសកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
លោកអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងនូវការកោតសរសើរ និងដឹងគុណដល់បងប្អូនកងទ័ព នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានលះបង់កម្លាំងកាយ-ចិត្ត ហ៊ានពលីអាយុជីវិត ចូលរួមក្នុងសមរភូមិ ដើម្បីការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងនាំមកនូវសុខសន្តិភាព ស្ថិរភាព ដែលជាការចាំបាច់ដល់ការសម្រេចបាននូវសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ។
លោក មាន ចាន់យ៉ាដា បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារគ្រប់គ្រងព្រំដែន និងបានយកចិត្តទុកដាក់ចំពោះកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីធានាដល់ការទទួលខុសត្រូវលើការងារទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព។
បន្ទាប់ពីបានសំណេះសំណាលជាមួយកងទ័ពកងពលតូចថ្មើរជើងលេខ៤២ នៃយោធភូមិភាគទី៤រួចមក, លោក មាន ចាន់យ៉ាដា ក៏បានអញ្ជើញចុះត្រួតពិនិត្យមើលនូវសមិទ្ធផលនានា ជាពិសេសអាងស្តុបទឹកមួយកន្លែងដែលបានសាងសង់រួចរាល់ សម្រាប់ឱ្យកងកម្លាំង និងប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់។
លោកអភិបាលខេត្តឧត្តរមានជ័យ បានប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជាគ្រឿងឧបភោគ បរិភោគដល់កងកម្លាំងការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយកងពលតូចលេខ៤២ ទទួលបានទឹកសុទ្ធ៧៥កេស ត្រីខ៣០កេស មី៣០កេស ទឹកត្រី២០កេស ទឹកស៊ីអ៉ីវ២០កេស និងកងកម្លាំងនគរបាលវរការពារព្រំដែនគោគលេខ៧០២ ទទួលបានទឹកសុទ្ធ៥៥កេស ត្រីខ២០កេស មី៤៥កេស ទឹកត្រី២០កេស និងទឹកស៊ីអ៉ីវ២០កេសផងដែរ។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលលោក មាន ចាន់យ៉ាដា អភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងតាមបណ្ដោយព្រំដែន កម្ពុជា- ថៃ បន្ទាប់ពីលោកត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលខេត្តឧត្តរមានជ័យ ពោលលោកតែងតែចុះជួបជាញឹកញាប់ជាមួយកងកម្លាំងជាប់ជានិច្ច ដើម្បីជាការផ្សាភ្ជាប់នូវក្ដីនឹករលឹក និងគាំទ្ររវាងសមរភូមិមុខ ជាមួយសមរភូមិក្រោយ៕
0 comments:
Post a Comment