សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Friday, February 28, 2025

ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តតាកែវ

ចំនួនអ្នកទស្សនា: Views

 ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តតាកែវ



ខេត្តតាកែវ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងរបស់ ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ ជាប្រធានសាលាដំបូងខេត្តតាកែវ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តតាកែវ, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តតាកែវ, ឯកឧត្តមសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ឯកឧត្តមអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, ឯកឧត្តមតំណាងប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, ឯកឧត្តមប្រធានសាលាដំបូងរាជធានី-ខេត្ត និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី-ខេត្តមួយចំនួន ព្រមទាំង ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្រ្តីតុលាការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតជាច្រើនរូប ផងដែរ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។

មានប្រសាសន៍នៅក្នុងពិធីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ ដែលត្រូវបានចូលកាន់តំណែងជាប្រធានសាលាដំបូងខេត្តតាកែវ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចៅក្រម, ព្រះរាជអាជ្ញារង, ក្រឡាបញ្ជី និង មន្ត្រីរដ្ឋបាលតុលាការទាំងអស់ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការធានាថែរក្សានូវស្ថិរភាពសង្គម, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់, មានសាមគ្គីភាពផ្ទៃក្នុងល្អ និងមានកិច្ចសហការល្អជាមួយអាជ្ញាធរអនុវត្តច្បាប់នានា ជាពិសេស ការចូលរួមអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការទាំង ២ គឺ៖

យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ រហូតសម្រេចបាននូវលទ្ធផលល្អប្រសើរ ដោយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ បានចាត់ការសំណុំរឿងរួចរាល់បាន ៨ ៧៤៥ ស្មើនឹង ៨១% នៃសំណុំរឿងសរុប ចំនួន ១០ ៨៥៩សំណុំរឿង ព្រមទាំងទទួលបានជ័យលាភីលេខ១ ផ្នែកផលិតភាព ដោយចៅក្រមម្នាក់ចាត់ការសំណុំរឿង បានចំនួន ៥៥៤,៧៥ សំណុំរឿង ផងដែរ។

ឆ្លៀតក្នុងឱកាសជួបជុំគ្នាដ៏វិសេសវិសាលនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក៏ដូចជាមន្ត្រីអនុវត្តច្បាប់ផ្សេងៗ អំពីទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ ដែលបន្តចាត់ទុក “ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌” នៅតែជាការងារអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល និង ត្រូវបានកំណត់ជាវិធានការគន្លឹះទី ៥ ក្នុងចំណោមវិធានការគន្លឹះទាំង ៥ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវសម្រេចឱ្យចេញជាលទ្ធផលជាក់ស្តែងនៅក្នុងនីតិកាលទី ៧ នេះ ។  ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិស័យយុត្តិធម៌ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលបានឯកភាព និងគាំទ្រទាំងអស់គ្នាថា “ការពង្រឹងវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការទាំងអស់នៅក្នុងវិស័យយុត្តិធម៌ គឺជាការងារអាទិភាពមួយដែលត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់, ឱ្យបានតឹងរ៉ឹង និងដោយគ្មានការយោគយល់ចំពោះអ្នកល្មើសវិន័យឡើយ”។

បន្ថែមលើការគូសរំលេចអំពីវិន័យ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំ និងផ្តាំផ្ញើដល់ ឯកឧត្តមប្រធានសាលាដំបូងខេត្តតាកែវ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីក្នុងវិស័យយុត្តិធម៌ទាំងអស់ ដូចខាងក្រោម៖ 

(១)-ត្រូវពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងការដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួនឱ្យបានល្អប្រសើរ, មានសាមគ្គីភាពផ្ទៃក្នុងល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដោយត្រូវបន្តប្រកាន់ខ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាបំផុតទាំង ៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់” ដើម្បីធ្វើជាគោលការណ៍ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន និងអភិក្រមទាក់ទងនឹងការកែទម្រង់ទាំង ៤ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺ “ត្រូវមានចក្ខុវិស័យច្បាស់លាស់ មានការប្តេជ្ញាចិត្តខ្ពស់ មានការចូលរួមដោយស្មោះត្រង់ និងការលះបង់” ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន។

(២)-ត្រូវពង្រឹងឱ្យបាននូវគុណភាពនៃការចាត់ការសំណុំរឿងដែលខ្លួនកំពុងទទួលបន្ទុក ជាពិសេស ការលើកកម្ពស់គុណភាពនៃការសម្រេចសេចក្តីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដែលនេះជា “យ័ន្តការពារខ្លួនដ៏ស័ក្តិសិទ្ធ” របស់ចៅក្រម និងព្រះរាជអាជ្ញាទាំងអស់ក្នុងការបំពេញការងាររបស់ខ្លួន ព្រមទាំង ត្រូវយកចិត្តទុកដាក់ខ្ពស់ និងមានភាពម្ចាស់ការក្នុងការសរសេរសាលក្រម ឬសាលដីកាឱ្យបានឆាប់រហ័សបន្ទាប់ពីការប្រកាសអំពីការសម្រេចសេចក្តីរបស់ខ្លួន។

(៣)-ត្រូវបន្តចូលរួមឱ្យបានសកម្ម និងផ្តល់កិច្ចសហការឱ្យបានពេញលេញបន្ថែមទៀត ប្រកបដោយឆន្ទៈមោះមុត, ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តយុទ្ធនាការទាំង ២ ស្របតាមអភិក្រមដែលបានដាក់ចេញនាពេលកន្លងមក សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

(៤)-ត្រូវពង្រឹងប្រសិទ្ធភាពចំណាត់ការសំណុំរឿង ឱ្យបានម៉ឺងម៉ាត់ តឹងរ៉ឹង ត្រឹមត្រូវ និងតម្លាភាព ជាអាទិ៍ បទល្មើសគ្រឿងញៀន, ជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ, បទល្មើសឆក់ប្លន់, ក្មេងទំនើង ដើម្បីរួមចំណែកអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ។ 

(៥)-ត្រូវពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអនុវត្តការងាររបស់ខ្លួន ជាពិសេស ក្នុងការចាត់ការសំណុំរឿងឱ្យបានម៉ឺងម៉ាត់ តឹងរ៉ឹង ត្រឹមត្រូវ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដោយគោរពវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការទាំងអស់ នៅក្នុងវិស័យយុត្តិធម៌។

(៦)-ត្រូវរក្សាភាពមិនលំអៀង ដោយវៀរចាកអគតិទាំង ៤ ប្រការគឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ និងត្រូវប្រកាន់យកសុគតិធម៌ទាំង ៥ គឺ វិរិយសម្បយុត្តិ សុចរិតយុត្តិធម៌ បញ្ញត្តិគារវោ សមទណ្ឌោ និងបញ្ញាវុធវិនិច្ឆ័យ នៅពេលជំនុំជម្រះក្តី ។ 

(៧)-ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសមត្ថភាពធនធានមនុស្សជាប់ជាប្រចាំ តាមរយៈការពង្រឹងលើការសិក្សាស្រាវជ្រាវ ការរៀបចំជាសិក្ខាសាលា វគ្គបណ្តុះបណ្តាល ឬកម្មវិធីចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដល់មន្ត្រីរាជការដែលស្ថិតនៅក្រោមឱវាទរបស់ខ្លួន, មន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតដែលមានការពាក់ព័ន្ធ៕















k
Share This
Author Image

About chbarampovpost.com
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640