ឧបនាយករដ្ឋមន្ត្រី ស សុខា កោតសរសើរចំពោះក្រសួងបរិស្ថាន ដែលបាននឹងកំពុងជំរុញ «ភាពស្អាត» នៅកម្ពុជា
(ព្រៃវែង)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគាំទ្រ និងកោតសរសើរចំពោះក្រសួងបរិស្ថាន ដែលបាននឹងកំពុងជំរុញសកម្មភាពដើម្បី «ភាពស្អាត» នៅកម្ពុជា។
ការកោតសរសើរបែបនេះ របស់ ឧបនាយករដ្ឋមន្ត្រី ស សុខា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលធុងដាក់សំរាមរបស់ក្រសួងបរិស្ថាន ជូនដល់រដ្ឋបាលខេត្តព្រៃវែង ចំនួន ៥២៩៧ធុង ដើម្បីចែកជូនទៅតាមសាលារៀន វត្តអារាម និងមណ្ឌលសុខភាពតាមមូលដ្ឋាន ដែលបានប្រព្រឹត្តទៅ នៅសាលាខេត្តព្រៃវែង នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។
ក្នុងឱកាសនេះដែរ អភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមសម្អាតអនាម័យបរិស្ថាន ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជំរុញអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដែលរាជរដ្ឋាភិបាលបានកំណត់យក «អនាម័យបរិស្ថាន» ជាចំណុចសំខាន់មួយក្នុងចំណោមលក្ខណៈសម្បត្តិទាំង៧ នៃគោលនយោបាយ ដើម្បីលើកកម្ពស់សុខុមាលភាព និងសោភ័ណភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី ស សុខា បានជំរុញចលនាចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ត្រូវរួមគ្នាធ្វើអនាម័យ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការប្រប្រាស់ប្លាស្ទិក នៅតាមផ្ទះ តាមមូលដ្ឋាន សាលារៀន វត្តអារាម និងទីសាធារណៈឱ្យបានជាប្រចាំ ដែលវាមិនត្រឹមតែផ្តល់នូវសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជួយលើកកម្ពស់សោភ័ណភាព មានភាពស្អាត និងមានសណ្តាប់ធ្នាប់ល្អទៀតផង។
សូមបញ្ជាក់ថា ក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីនេះលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគាំទ្រនិងជំរុញសកម្មភាព ដើម្បីឱ្យកម្ពុជាមានភាពស្អាត ចាប់ពីមូលដ្ឋាន ក៏ដូចជាការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថុភាព។
លោករដ្ឋមន្រ្តីបានថ្លែងអំណរព្រះគុណ និងអរគុណ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន អង្គការ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ទាំងអស់ ដែលបានចូលរួមសកម្មភាព ដើម្បីឱ្យមូលដ្ឋាន និងនៅតាមដងផ្លូវជាតិមានភាពស្អាត មិនមានសំរាម សំណល់ប្លាស្ទិក និងបន្តនូវទម្លាប់ស្អាតជាប់ជាប្រចាំ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ក្រសួងបរិស្ថាន បានបន្តផ្តល់ជូនធុងសំរាម ដល់នៅតាមសាលារៀន វត្តអារាម មណ្ឌលសុខភាព គឺមានសារៈសំខាន់ណាស់ ព្រោះវាជួយអប់រំប្រជាពលរដ្ឋ ចេះញែកនិងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជួយឱ្យការកែច្នៃឡើងវិញកាន់តែងាយស្រួល និងបង្កើតតម្លៃសេដ្ឋកិច្ចពីសំរាមដែលអាចកែច្នៃបាន និងបង្កលក្ខណៈងាយស្រួល ដល់ការប្រមូល សម្អាត និងដឹកជញ្ជូន យកទៅទុកដាក់នៅទីលានឱ្យមានសុវត្ថិភាពផងដែរ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន នាពេលកន្លងមក បានផ្តល់ធុងដាក់សំរាម សរុប ១៩ ៣៦៨ធុង ដល់សាលារៀន មូលដ្ឋានសុខាភិបាល វត្តអារាម និងមណ្ឌលសុវត្ថិភាពជនភៀសសឹក។ តាមការគ្រោងទុក ក្រសួងបរិស្ថាន និងផ្តល់ជូនធុងសំរាម ឱ្យបានដល់គ្រប់សាលារៀន វត្តអារាម និងមណ្ឌលសុខភាពនៅតាមរាជធានី-ខេត្ត មួយចំនួនទៀតទូទាំងប្រទេសចំនួន ៥៥ ៣២៥ធុង នៅក្នុងឆ្នាំ២០២៦នេះ៕
មណ្ឌលសុខភាពនៅតាមរាជធានី-ខេត្ត មួយចំនួនទៀតទូទាំងប្រទេសចំនួន ៥៥ ៣២៥ធុង នៅក្នុងឆ្នាំ២០២៦នេះ៕














0 comments:
Post a Comment