រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ សិទ្ធិវិលត្រឡប់ទៅផ្ទះសម្បែងរបស់ជនភៀសសឹកខ្មែរ ជាមុខមាត់មនុស្សធម៌របស់ថៃ, ជាការអំពាវនាវរកយុត្តិធម៌ និងសន្តិភាពពិតប្រាកដ
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ បានលើកឡើងថា បញ្ហាព្រំដែនកម្ពុជាថៃ មិនមែនជារឿងតែបង្គោលព្រំដែន ខ្សែបន្ទាត់លើផែនទី ឬអធិបតេយ្យភាពទឹកដីតែប៉ុណ្ណោះទេ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា នៅពីក្រោយជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ ដែលកម្ពុជាចាត់ទុកថា ត្រូវបានធ្វើឱ្យកាន់តែស្មុគស្មាញ ដោយការប្រើប្រាស់ផែនទីដែលគូ សដោយឯកតោភាគី និងការអះអាងទឹកដីដែលមិនស្របនឹងមូលដ្ឋានច្បាប់ និងឯកសារព្រំដែនដែលបន្សល់ទុក ពីសម័យអាណានិគម និងដែលកម្ពុជាទទួលស្គាល់, មានជីវិតមនុស្ស ផ្ទះសម្បែង ដីស្រែ សាលារៀន វត្តអារាម មណ្ឌលសុខភាព និងសហគមន៍ទាំងមូលដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីអំពើឈ្លានពានប្រដាប់អាវុធរបស់យោធាថៃក្នុងឆ្នាំ២០២៥។
សម្រាប់ប្រជាពលរដ្ឋដែលត្រូវបង្ខំចិត្តចាកចេញពីផ្ទះ សំណួរដ៏សាមញ្ញ ប៉ុន្តែមានទម្ងន់បំផុត គឺ៖ តើពួកគេអាចត្រឡប់ទៅផ្ទះរបស់ខ្លួនវិញនៅពេលណា?
សំណួរនេះក៏នាំយើងទៅរកសំណួរមួយទៀត ដែលមិនគួរត្រូវបានមើលរំលង៖ តើអ្នកណាត្រូវទទួលខុសត្រូវ ចំពោះស្ថានភាពដែលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ត្រូវចាកចេញពីផ្ទះរបស់ពួកគេ?
សកម្មភាពឈ្លានពានរបស់យោធាថៃតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់ ក្នុងឆ្នាំ២០២៥ មិនបានបន្សល់ទុកតែការខូចខាតផ្នែកយោធានោះទេ។ ជនស៊ីវិលកម្ពុជាបានស្លាប់ និងរងរបួស ផ្ទះសម្បែង សាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវបានខូចខាត ហើយនៅកម្រិតកំពូលនៃវិបត្តិ ប្រជាពលរដ្ឋប្រមាណ ៦៥០ ០០០នាក់ត្រូវបានផ្លាស់ទីលំនៅ ដើម្បីគេចចេញពីការប្រយុទ្ធ ការបាញ់ផ្លោង និងការវាយប្រហារតាមអាកាស។
កងកម្លាំងថៃ ថាបានប្រើកម្លាំងយោធាចូលមកលើទឹកដីកម្ពុជា និងធ្វើប្រតិបត្តិការដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល។ អង្គហេតុទាំងនេះមិនគួរត្រូវបានបំភ្លេចដោយសារតែមានបទឈប់បាញ់ឡើយ។ ផ្ទុយទៅវិញ វាត្រូវការការកត់ត្រា ការផ្ទៀងផ្ទាត់ និងការវាយតម្លៃយ៉ាងម៉ត់ចត់ក្រោមច្បាប់អន្តរជាតិ ដើម្បីកំណត់ការទទួលខុសត្រូវចំពោះការរំលោភបំពានដែលត្រូវបានបញ្ជាក់ដោយភស្តុតាង។
ការវាយប្រហារដោយមិនរើសមុខត្រូវបានហាមឃាត់ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។ ដូច្នេះ រាល់ករណីដែលការវាយប្រហារប៉ះពាល់ដល់ផ្ទះសម្បែង សាលារៀន វត្តអារាម មណ្ឌលសុខភាព ឬជនស៊ីវិល ត្រូវតែត្រូវបានពិនិត្យដោយផ្អែកលើអង្គហេតុ និងភស្តុតាង។ ការអះអាងរបស់យោធាថៃថា ប្រតិបត្តិការរបស់ខ្លួនផ្តោតតែលើគោលដៅយោធា មិនអាចជំនួសការពិនិត្យលើភស្តុតាង សាក្សី និងផលវិបាកជាក់ស្តែងនៅលើដីបានឡើយ។ របាយការណ៍ពីតំបន់រងផលប៉ះពាល់ សក្ខីកម្មរបស់ប្រជាពលរដ្ឋ និងការរាយការណ៍របស់សារព័ត៌មានអន្តរជាតិ គួរត្រូវបានចាត់ទុកជាផ្នែកនៃភស្តុតាងដែលត្រូវកត់ត្រា និងផ្ទៀងផ្ទាត់ឱ្យបានហ្មត់ចត់។ ប៉ុន្តែវិបត្តិនេះមិនបានបញ្ចប់ជាមួយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទេ។
ចំណុចទី៤ នៃសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ បានកំណត់ឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនដោយសុវត្ថិភាព ដោយគ្មានការរារាំង និងប្រកបដោយសេចក្តីថ្លៃថ្នូរ។ ទោះជាយ៉ាងណា ជាច្រើនខែក្រោយបទឈប់បាញ់ ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់នៅតែមិនអាចវិលត្រឡប់ទៅផ្ទះ និងជីវភាពធម្មតារបស់ខ្លួនបាន។
នៅទីនេះ បញ្ហាអធិបតេយ្យភាពបានប្រសព្វជាមួយបញ្ហាសិទ្ធិមនុស្សយ៉ាងច្បាស់។ ការដាក់កុងតឺន័រ បន្លាលួស លេណដ្ឋាន និងរបាំងផ្សេងៗនៅតំបន់ដែលកម្ពុជាអះអាងថាស្ថិតក្នុងទឹកដីរបស់ខ្លួន មិនមែនត្រឹមតែបង្កើតសំណួរអំពីអធិបតេយ្យភាព និងបូរណភាពទឹកដីនោះទេ។ ប្រសិនបើសកម្មភាពទាំងនេះរារាំងប្រជាពលរដ្ឋមិនឱ្យចូលទៅកាន់ផ្ទះ ដីស្រែ និងមធ្យោបាយចិញ្ចឹមជីវិតរបស់ខ្លួន វាក៏បង្កើតសំណួរធ្ងន់ធ្ងរអំពីសិទ្ធិរបស់ជនស៊ីវិល និងការអនុវត្តកាតព្វកិច្ចក្រោយបទឈប់បាញ់ផងដែរ។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាកាលពីខែកក្កដា ឆ្នាំ២០២៦ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក Tom Andrews បានចុះពិនិត្យស្ថានភាពនៅតំបន់ព្រំដែន និងបានគូសបញ្ជាក់ពីភាពចាំបាច់ដែលប្រជាពលរដ្ឋផ្លាស់ទីលំនៅត្រូវអាចវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព។ សារនេះមានសារៈសំខាន់ ព្រោះវាបញ្ជាក់ថា ការត្រឡប់ទៅផ្ទះមិនមែនជាបញ្ហានយោបាយរវាងរដ្ឋពីរតែប៉ុណ្ណោះទេ។ វាជាបញ្ហានៃ សិទ្ធិ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។
ការត្រឡប់ទៅផ្ទះក៏មិនអាចមានន័យត្រឹមតែការអនុញ្ញាតឱ្យប្រជាពលរដ្ឋឆ្លងកាត់របាំងមួយនោះទេ។ ការវិលត្រឡប់ត្រូវមានសុវត្ថិភាព និងនិរន្តរភាព។ ប្រជាពលរដ្ឋត្រូវអាចរស់នៅក្នុងផ្ទះរបស់ខ្លួន ប្រើប្រាស់ដីធ្លី ប្រកបរបរចិញ្ចឹមជីវិត បញ្ជូនកូនទៅសាលារៀន និងរស់នៅដោយគ្មានការភ័យខ្លាចថា ពួកគេនឹងត្រូវបង្ខំឱ្យចាកចេញម្តងទៀត។
សន្តិភាពពិតប្រាកដ ដូច្នេះ មិនអាចត្រូវបានវាស់ត្រឹមតែដោយភាពស្ងប់ស្ងាត់នៃស្នូរកាំភ្លើងឡើយ។ វាត្រូវវាស់ដោយថា តើម្តាយអាចនាំកូនត្រឡប់ទៅផ្ទះបានឬទេ តើកុមារអាចត្រឡប់ទៅសាលារៀនបានឬទេ តើកសិករអាចត្រឡប់ទៅដីស្រែរបស់ខ្លួនបានឬទេ និងតើគ្រួសារដែលត្រូវបានផ្លាស់ទីលំនៅអាចស្តារជីវិតរបស់ខ្លួនឡើងវិញដោយសុវត្ថិភាព និងគ្មានការភ័យខ្លាចបានឬទេ។
ទន្ទឹមនឹងនេះ ការទទួលខុសត្រូវចំពោះសកម្មភាពរបស់កងកម្លាំងថៃ និងការរំលោភច្បាប់អន្តរជាតិណាមួយដែលត្រូវបានបញ្ជាក់ដោយភស្តុតាង មិនគួរត្រូវបានលុបចេញពីរបៀបវារៈដោយសារតែមានបទឈប់បាញ់ឡើយ។ បទឈប់បាញ់អាចបញ្ឈប់គ្រាប់កាំភ្លើង ប៉ុន្តែមិនអាចបញ្ឈប់ការទទួលខុសត្រូវបានទេ។ ការស្ងប់ស្ងាត់នៅព្រំដែនមិនអាចលុបបំបាត់អ្វីដែលបានកើតឡើងចំពោះជនស៊ីវិល ហើយក៏មិនអាចធ្វើឱ្យការរារាំងប្រជាពលរដ្ឋមិនឱ្យត្រឡប់ទៅផ្ទះរបស់ខ្លួនក្លាយជារឿងស្របច្បាប់បានដែរ។
ដូចគ្នានេះដែរ ការគ្រប់គ្រងទឹកដីជាក់ស្តែងដោយកម្លាំង មិនអាចបង្កើតអធិបតេយ្យភាពស្របច្បាប់បានឡើយ។ បន្លាលួសមិនអាចគូរព្រំដែនថ្មី កុងតឺន័រមិនអាចបង្កើតអធិបតេយ្យភាព ហើយការគ្រប់គ្រងដោយកម្លាំងមិនអាចបម្លែងទៅជាសិទ្ធិស្របច្បាប់បានទេ។ បញ្ហាព្រំដែនត្រូវដោះស្រាយតាមច្បាប់ ឯកសារព្រំដែន និងយន្តការសន្តិវិធីដែលមានស្រាប់ មិនមែនតាមរយៈការបង្កើតស្ថានភាពជាក់ស្តែងថ្មីដោយកម្លាំងនៅលើដីនោះឡើយ។
ដូច្នេះ ដំណោះស្រាយចំពោះវិបត្តិព្រំដែនកម្ពុជា-ថៃ មិនអាចមានត្រឹមតែការរក្សាភាពស្ងប់ស្ងាត់នៃស្នូរកាំភ្លើងនោះទេ។ វាត្រូវឈរលើការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី ការគោរពច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ និងសិទ្ធិមនុស្ស ការស៊ើបអង្កេត និងការទទួលខុសត្រូវចំពោះការរំលោភបំពានដែលត្រូវបានបញ្ជាក់ដោយភស្តុតាង ព្រមទាំងការអនុវត្តពេញលេញនូវការប្តេជ្ញាចិត្តក្រោមបទឈប់បាញ់។
សម្រាប់ប្រជាពលរដ្ឋដែលបានរត់ចេញពីផ្ទះដោយសារសង្គ្រាម សន្តិភាពមិនមែនជាពាក្យនៅក្នុងសេចក្តីថ្លែងការណ៍ទេ។ សន្តិភាពគឺការអាចត្រឡប់ទៅផ្ទះ ដីស្រែ សាលារៀន និងសហគមន៍របស់ខ្លួនវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
ដរាបណាប្រជាពលរដ្ឋកម្ពុជានៅតែមិនអាចត្រឡប់ទៅផ្ទះរបស់ខ្លួន ដរាបណារបាំងដែលរារាំងការវិលត្រឡប់នៅតែមាន និងដរាបណាសំណួរអំពីការទទួលខុសត្រូវចំពោះការខូចខាតលើជនស៊ីវិលនៅមិនទាន់ត្រូវបានដោះស្រាយ វិបត្តិនេះមិនទាន់បញ្ចប់ទេ។ កាំភ្លើងអាចស្ងប់ ប៉ុន្តែយុត្តិធម៌មិនត្រូវស្ងប់តាមកាំភ្លើងឡើយ៕












0 comments:
Post a Comment