ថ្ងៃ៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតា TYDA បានធ្វើតេស្តយកសំណាក ដើម្បីស្វែងរកមេរោគកូវីដ-១៩ លើក្រុមបាតុករ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ។
ជាលទ្ធផលគិតត្រឹមម៉ោង១៨:៤៥នាទីនៅល្ងាចថ្ងៃដដែលនេះ មានបាតុករចំនួន២៩ នាក់បន្ថែមទៀត ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩ (វិជ្ជមាន) ខណៈកាលពីថ្ងៃទី០៥ ខែកុម្ភៈ បានរកឃើញ០៤នាក់រួចមក សរុបពីរថ្ងៃរកឃើញ ៣៣នាក់ ។
មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំក្រុមបាតុករទាំងអស់ ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃ ដោយគោរពឱ្យបានម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល។
បន្ទាប់ពីការធ្វើចត្តាឡីស័កចប់ ត្រូវយកសំណាកនៅតាមកន្លែងដែលបានកំណត់ និងរាយការណ៍អំពីលទ្ធផល មកអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាល ជាកំហិត។
ទន្ទឹមនឹងនេះមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើដល់អ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយក្រុមបាតុករ ព្រមទាំងបងប្អូនបាតុករ ដែលមិនទាន់បានយកសំណាកវិភាគមេរោគកូរីដ-១៩ ត្រូវទៅធ្វើតេស្ត រកមេរោគតាមកន្លែងកំណត់ នៅរាជធានីភ្នំពេញ ៕ដោយសួស សំរិត សម្រួលផ្សាយដោយ៖ dara
0 comments:
Post a Comment