អភិបាលខេត្តឧត្ដរមានជ័យ ចុះប្រតិបត្តិការបង្ក្រាបការឆបោកតាមអនឡាញ និងបទល្មើសផ្សេងៗ ដោយឃាត់ខ្លួនជនសង្ស័យ ១០៣នាក់
(ឧត្តរមានជ័យ)៖ អនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ប្រកបដោយប្រសិទ្ធភាពខ្ពស់ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីលោកស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងក្រោមការសម្រួលនិតិវិធីដោយព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្ត
បានដឹកនាំចុះប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន៩ទីតាំង ក្នុងនោះ៦ទីតាំង ក្នុងភូមិសាស្ត្រសង្កាត់អូរស្មាច់ ក្រុងសំរោង និង ០៣ទីតាំងស្ថិតនៅជប់គគីរ ស្រុកបន្ទាយអំពិល។
នៅក្នុងប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសជាង១០០នាក់ និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដោយសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗទៀត ដូចជា ការឆ្លងដែនខុសច្បាប់ ការរស់នៅ និងការធ្វើការងារខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ។
គោលបំណងនៃប្រតិបត្តិការចុះបង្រ្កានេះ គឺដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗទៀត ដែលប្រព្រឹត្តដោយជនបរទេស សំដៅដល់ការចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសក៏ជាទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យមានប្រសិទ្ធភាពខ្ពស់។
ក្នុងការចុះប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចក៏បានត្រួតពិនិត្យលើឯកសារឆ្លងដែនជនបរទេស ការស្នាក់នៅ ឬធ្វើការងារនៅក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ ហើយចំពោះជនបរទេសណាដែលគ្មានឯកសារឆ្លងដែនត្រឹមត្រូវស្របច្បាប់ ឬកំពុងស្នាក់នៅខុសច្បាប់ រដ្ឋបាលខេត្តនឹងចាត់វិធានការបណ្ដេញចេញពីប្រទេសកម្ពុជា ដោយឡែកចំពោះជនបរទេសដែលរកឃើញប្រព្រឹត្តបទល្មើសពាក់ព័ន្ធគ្រឿងញៀន និងការរក្សា កាប់កាប់ ប្រើប្រាស់អាវុធខុសច្បាប់ សមត្ថកិច្ចបន្តអនុវត្តនិតិវិធីតាមផ្លូវច្បាប់។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការទាំង ០៩ទីតាំង រកឃើញជនសង្ស័យជាជនបរទេសចំនួន១០៣នាក់ (ស្រី៤១នាក់) ចំរុះជាតិសាសន៍រួមមាន៖ ជនជាតិចិន វៀតណាម ថៃនិងឡាវ ដែលពាក់ព័ន្ធទៅនឹងបទល្មើសខាងលើ៕
0 comments:
Post a Comment