ប្រមុខការទូតកម្ពុជា ប្រាប់បណ្តាអង្គទូត និងអង្គការអន្តរជាតិថា «សន្តិភាពមិនអាចស្តារឡើងវិញបានទេ បើសិនជាសហគមន៍ប្រជាជននៅតែស្ថិតនៅក្នុងអន្ទាក់នៃការភ័យខ្លាច និងភៀសខ្លួនចោលផ្ទះសម្បែង»
(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ប្រាប់បណ្តាអង្គទូត និងអង្គការអន្តរជាតិនានានៅកម្ពុជាថា យោធាថៃ នៅតែបន្តរំលោភបំពាន ដោយមានសកម្មភាពរុលទន្ទ្រាន តាមរយៈការរាយបន្លាលួស ការធ្វើលេណដ្ឋាន និងការឈូសឆាយ នៅតំបន់ជម្លោះ ដែលសកម្មភាពទាំងនោះ បានធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្តគ្នា និងធ្វើឱ្យបទឈប់បាញ់មានការផុយស្រួយ។
ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានសន្និដ្ឋានថា សន្តិភាពមិនអាចស្តារឡើងវិញបានទេ បើសិនជាសហគមន៍ប្រជាជននៅតែស្ថិតនៅក្នុងអន្ទាក់នៃការភ័យខ្លាច និងភៀសខ្លួនចោលផ្ទះសម្បែង។
ប្រមុខការទូកម្ពុជាបែបនេះនៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកធ្វើបទបង្ហាញអំពីការវិវត្ត នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីន ជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងការបរទេស។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាង៤២ស្ថានទូតប្រចាំនៅកម្ពុជា និងស្ថានទូតនៅក្រៅប្រទេសដែលទទួលបន្ទុកលើកិច្ចព្រំដែនកម្ពុជា-ថៃ និងអង្គការអន្តរជាតិចំនួន២០ ក្នុងនោះក៏មានតំណាងស្ថានទូតថៃផងដែរ។
ក្នុងសន្និសីទប្រចាំថ្ងៃ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លោក នង សាកល អ្នកនាំពាក្យក្រសួងការបរទេស បានបង្ហាញលទ្ធផលសំខាន់ៗ នៃជំនួបរបស់ប្រមុខការទូតកម្ពុជា ជាមួយបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដោយលោកបានបញ្ជាក់ថា ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបង្ហាញអំពីជំហររបស់កម្ពុជា ដោយលោកបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលធ្លាប់បំផ្លិចបំផ្លាញដោយសារសង្គ្រាម កម្ពុជាចង់បានសន្តិភាព ហើយសន្តិភាព ត្រូវបានដោះស្រាយដោយការសន្ទនា មិនមែនដោយសារអាវុធនោះទេ ព្រោះសង្គ្រាម បានបំផ្លាញអាយុជីវិតមនុស្ស។កម្ពុជាបានចាប់ផ្តើមធ្វើការយ៉ាងសស្រាក់សស្រាំ ចាប់តាំងពីថ្ងៃដែលវិបត្តិបានកើតឡើង ដើម្បីកាត់បន្ថយភាពតានតឹង និងស្តារមកវិញនូវភាពស្ងប់ស្ងាត់។ កម្ពុជាបានតម្កល់បទឈប់បាញ់ទាំងភាសារ និងកាយវិការ។
«ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លោកបានគូសបញ្ជាក់ថា តាមការសង្កេត មានការរំលោភបំពានខ្លះៗរួមទាំងសកម្មភាពរុលទន្ទ្រាន តាមរយៈការរាយបន្លាលួស ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល រួមទាំងមានៅក្រៅក្របខណ្ឌតំបន់ជម្លោះទៀតផង ដែលមាននៅខេត្តព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងបន្ទាយមានជ័យ ហើយក៏មានបន្តសកម្មភាពដូចជាការកសាងផ្លូវថ្នល់ថ្មី ជីកលេណដ្ឋាននិងជម្រកនៅតំបន់ជម្លោះ រួមទាំងបន្តឃុំខ្លួនទាហានកម្ពុជា១៨នាក់ដល់សព្វថ្ងៃ ដែលសកម្មភាពទាំងនោះធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្តគ្នា និងធ្វើឱ្យបទឈប់បាញ់មានការផុយស្រួយ»។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេស។
កម្ពុជាបានយកចិត្តទុកដាក់ចំពោះខដែលបានឯកភាពគ្នា ១៣ចំណុច និងស្មារតី MoU ឆ្នាំ២០០០ ហើយកម្ពុជាសង្ឃឹមថា ភាគីម្ខាងទៀតនឹងឆ្លើយតបដូចដែលកម្ពុជាបានធ្វើ។ ដោយមូលហេតុផុយស្រួយ នៃបទឈប់បាញ់គ្នានេះហើយ ទើបកម្ពុជាផ្តល់សារសំខាន់បំផុត ដល់ការព្រមព្រៀងបង្កើត ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) ក្នុងកិច្ចប្រជុំពិសេស គណៈកម្មាធិការរួមព្រំដែន GBC កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ទៀតថា «ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោកបានគូសបញ្ជាក់ថា សន្តិភាពមិនអាចស្តារឡើងវិញបានទេ បើសិនជាសហគមន៍ប្រជាជននៅតែស្ថិតនៅក្នុងអន្ទាក់នៃការភ័យខ្លាច និងភៀសខ្លួនចោលផ្ទះសម្បែង»។
លោកបានបន្តថា ហេតុដូច្នេះហើយ ទាំងក្នុងទំនាក់ទំនងទ្វេភាគីក្តី និងក្នុងកិច្ចប្រជុំ RBC ក្តី កម្ពុជាបានស្នើដាក់ចេញនូវវិធានការជាក់ស្តែង សំដៅធ្វើឱ្យទំនាក់ទំនងវិលទៅកាន់ប្រក្រតីភាពឡើងវិញ។ ទាំងនេះកប្បីចាប់ផ្តើមពីការពិភាក្សាស្តីពីការបើកច្រកព្រំដែនឡើងវិញ សម្រូលដល់ការចេញចូលឆ្លងព្រំដែនដល់ប្រជាពលរដ្ឋទាំងពីរ និងផ្លាស់ប្តូរទំនិញ រួមទាំងកិច្ចសហការដោះមីនតាមបែបមនុស្សធម៌៕
0 comments:
Post a Comment