រាជបណ្ឌិត្យសភាកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនចំនួន២ និងសណ្ឋាគារ ចំនួន២ ដើម្បីធានាឱ្យបាននូវនិរន្តរភាព និងប្រសិទ្ធភាពលើការបណ្តុះបណ្តាល ធនធានមនុស្ស និងការផ្តល់ឱកាសការងារ
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចា្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា សណ្ឋាគាររ៉ូសវូដ (ROSE WOOD HOTEL) សណ្ឋាគាររ៉េស៊ីដង់ សុខា ភ្នំពេញ (SOKHA Phnom Penh Hotel & Residence) ក្រុមហ៊ុនប៊ូលូមប៊ូលូម (BOOLOOM BOOLOOM) និងក្រុមហ៊ុនមេមត់កាហ្វេ (MEMOT COFFEE FARM) ដើម្បីធានាឱ្យបាននូវនិរន្តរភាព និងប្រសិទ្ធភាពលើការបណ្តុះបណ្តាល ធនធានមនុស្ស និងការផ្តល់ឱកាសការងារ។ ពិធីចុះអនុស្សរណៈយោគយល់គ្នានេះបានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងពិធីចុះហត្ថលេខានេះ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងនូវគន្លឹះមួយចំនួន ដើម្បីផ្ដល់ជាចក្ខុវិស័យទៅដល់ប្អូនៗដែលរៀបចំខ្លួនក្នុងនោះរួមមាន៖ ស្នាមញញឹម, ការសិក្សាស្រាវជ្រាវដើម្បីបើកឱ្យមានការបណ្ដុះបណ្ដាលនៃវិជ្ជាជីវៈ, ត្រូប្រែក្លាយឱ្យខ្លួនក្លាយជាសិល្បៈដ៏អស្ចារ្យ និងកន្លែងតូចតែបង្កើតចំណូលធំជាច្រើន។ល។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបន្ដថា សុខដុមនីយកម្ម ដើរតួនាទីយ៉ាងសំខាន់ ក្នុងនោះរួមមាន៖ ខ្លួនឯង សុខភាពគ្រួសារ (កាលណាដែលឆ្ងាញ់គ្រួសារមានសេចក្តីសុខសុខ មានសុភមង្គល) កាលណាអ្នកមកទទួលទានមានសេចក្តីសុខ និងមានការផ្សព្វផ្សាយឱ្យស្គាល់ប្រទេសកម្ពុជា។ លោកបានបន្ដទៀតថា ខ្មែរត្រូវតែផ្សព្វផ្សាយឱ្យគេដឹងឱ្យគេយល់ ឱ្យគេជួយបង្ហាញខ្មែរថា ខ្មែរមិនមែនមានត្រឹមតែអង្គរវត្តដល់អស្ចារ្យនោះទេ។ ខ្មែរមានទេពកោសល្យសិល្បៈធ្វើម្ហូប សិល្បៈក្នុងការតុបតែង សិល្បៈនៃការបញ្ចេញទេពកោសល្យរបស់ជាតិរបស់បរទេស ដែលឆ្លុះបញ្ចាំងអំពីសង្គម ទិដ្ឋភាពនៃធម្មជាតិដែលមាននៅក្នុងប្រទេសដល់អស្ចារ្យមួយនេះ។
បន្ថែមពីនេះ លោក សាន សុរាវនិត ប្រធានស្តីទីមជ្ឈមណ្ឌល បណ្តុះបណ្តាលនិងស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា បានបន្ថែមថា គោលបំណងនៃការបង្កើតកើតកន្លែង បណ្ដុះបណ្ដាលវិជ្ជាជីវៈជំនាញម្ហូបអាហារ និងភេសជ្ជៈនេះឡើង គឺក្នុងគោលបំណងចូលរួមចំណែកការបន្ថយភាពក្រីក្រ លើកកម្ពស់សេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ជំនាញមួយពិតប្រាកដ ច្បាស់លាស់ដល់ប្រជាជនកម្ពុជា ដើម្បីអាចមានលទ្ធភាពស្វែងរកប្រាក់ចំណូលនិងប្រកបអាជីវកម្មចំណូលបំពេញមកថែម។
លោក សាន សុរាវនិត បានបញ្ជាក់ថា អ្វីដែលសំខាន់ថែមទៀតនោះ គឺត្រូវផ្ដល់ជម្រើសផ្សេងទៀតដល់យុវជន ដែលមិនមានលទ្ធភាពបន្តការសិក្សាទៅឧត្តមសិក្សា ដោយបញ្ហាលក្ខខណ្ឌសមត្ថភាពណាមួយ ឬក៏ជីវភាព និងផ្ដល់លទ្ធភាពដល់ពលរដ្ឋដែលបានរៀនសូត្រតិចតួច ឬមិនបានរៀនសូត្រ ចាប់យកជំនាញអាជីពសម្រាប់ខ្លួនឯង ក្នុងការប្រកបរអាជីវកម្មរបស់ខ្លួន។ ការបណ្ដុះបណ្ដាលនេះ ទទួលបានជោគជ័យ គឺមិនអាចកាត់ផ្ដាច់ចេញបានពីកិច្ចសហការរួមជាមួយដៃគូផ្សេងៗ ដែលធ្វើកន្លងមកដូចបានជួបពិភាក្សាគ្នា បានរៀបចំចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ហើយក៏បានរៀបចំកម្មវិធីទស្សនកិច្ចរវាងគ្នានឹងគ្នាដើម្បីស្វែងយល់បន្ថែម។
សូមជម្រាបដែរថា កិច្ចព្រមព្រៀងនៃអនុស្សារណៈយោគយល់ដែលចុះហត្ថលេខាទាំង៣នេះ រួមមាន៖
១៖ សហការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ចម្ហូបអាហារ
និងភេសជ្ជៈ ប្រកបដោយគុណភាព និងប្រសិទ្ធភាព
២៖ សហការផ្តល់បទពិសោធការងារ និងឱកាសការងារតាមរយៈកម្មវិធីទស្សនកិច្ច កម្មសិក្សា និងឱកាសការងារសមស្របទៅតាមលទ្ធភាពជាក់ស្តែង
៣៖ ពង្រឹងគុណភាពបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការបង្កើតកម្មវិធីចែករំលែក បទពិសោធទាំងជំនាញបច្ចេកទេស និងផ្នែកធនធានមនុស្សដើម្បីទទួលបានបុគ្គលិក ដែលប្រកបដោយសមត្ថភាពពិតប្រាកដ៕
0 comments:
Post a Comment