អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មលេខ១៣ នៃប្រាសាទឥដ្ឋ លើភ្នំបាខែង ក្នុងដំណាក់កាលទី១
(សៀមរាប)៖ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានចំណាយពេល៧ខែ ដើម្បីជួសជុលពង្រឹងតួប៉មប្រាសាទឥដ្ឋលេខ១៣ ឬ G13 នៅលើភ្នំបាខែងឱ្យរឹងមាំឡើងវិញ ហើយបានបញ្ចប់ការជួសជុលនេះ ក្នុងដំណាក់កាលទី១នៅខែវិច្ឆិកា ឆ្នាំ២០២៥។
អ្នកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងជួសជុលតួប៉មប្រាសាទឥដ្ឋលេខ១៣ដំណាក់កាលទី១ បានចាប់ផ្ដើមតាំងពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ការជួសជុលដំណាក់កាលទី១នេះ ក្រុមការងារបានជួសជុលតួប៉មទី១៣ ចាប់តាំងតែពីខឿន ជើងជញ្ជាំង រហូតដល់ផ្តែរខាងលើ សរុបកម្ពស់ប្រវែង៥ម៉ែត្រ ដែលរងការពុកផុយ ខូចខាតដោយសារកត្តាអាយុកាល សម្ភារសំណង់ពុកផុយដោយសារធម្មជាតិ និងកង្វះការថែទាំយូរអង្វែង។
អ្នកស្រី ឈុន រតនា បញ្ជាក់ទៀតថា ការងារជួសជុលនេះ គឺក្រុមការងារបានរកឃើញថ្មភក់របស់ខឿនតួប៉មលេខ១៣ ទិសខាងខាងលិចចំនួនប្រមាណជិត១០០ដុំ ហើយបានយកទៅរៀប នៅតាមទីតាំងដើមធ្វើឱ្យខឿននេះ មានភាពរឹងដើម្បីទប់លំនឹងប្រាសាទនេះឡើងវិញ ដែលអាចរក្សាបាននូវទម្រង់ដើម នៃរចនាសម្ពន្ធនៃខឿននេះបានមួយផ្នែក ដោយមុនជួសជុលនៅសេសសល់ ស្លាកស្នាមមានថ្មខឿនចំនួន១១ដុំតែប៉ុណ្ណោះ។
ក្រោយពីជួសជុលរួចរាល់ អ្នកជំនាញសង្កេតឃើញថា តួប៉មរបស់ប្រាសាទឥដ្ឋលេខ១៣នៅលើខ្នងភ្នំបាខែង ដែលធ្លាប់តែទ្រុឌទ្រោម បានប្រែក្លាយទៅជាមានស្ថានភាពរឹងមាំជាថ្មីឡើងវិញ ដែលធ្វើឱ្យតួប៉មឥដ្ឋនេះ អាចឈរបង្អួតភ្នែកភ្ញៀវទេសចរដោយពុំបាច់ប្រើជន្ទល់ទ្រដូចកាលពីមុនទៀតឡើយ។ ចំពោះការជួសជុលប្រាសាទឥដ្ឋ នៅលើខ្នងភ្នំបាខែង ដំណាក់កាលទី២ គ្រោងនឹងអនុវត្តនៅឆ្នាំក្រោយ បន្តចាប់ពីផ្តែរ រហូតដល់កំពូលនៃប្រាសាទ ហើយតួប៉មប្រាសាទទាំងមូលនឹងរឹងមាំជាបន្តបន្ទាប់៕


















0 comments:
Post a Comment