សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Friday, December 19, 2025

ក្រសួងការពារជាតិ៖ រយៈពេល១៣ថ្ងៃ ទង្វើឈ្លានពានរបស់កងទ័ពថៃ មកលើកម្ពុជា ដ៏ឃោរឃៅ រួមទាំងការប្រើប្រាស់អាវុធ យុទ្ធោបករណ៍ធុនធ្ងន់ និងមានកម្រិតបំផ្លាញខ្ពស់លើជនស៉ីវិល

ចំនួនអ្នកទស្សនា: Views

 ក្រសួងការពារជាតិ៖ រយៈពេល១៣ថ្ងៃ ទង្វើឈ្លានពានរបស់កងទ័ពថៃ មកលើកម្ពុជា ដ៏ឃោរឃៅ រួមទាំងការប្រើប្រាស់អាវុធ យុទ្ធោបករណ៍ធុនធ្ងន់ និងមានកម្រិតបំផ្លាញខ្ពស់លើជនស៉ីវិល

(ភ្នំពេញ)៖ ក្រសួងការពារជាតិ ធ្វើបច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគ ទី៥ គិតមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១៣ ហើយ។

ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង «សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ស្ថានភាពនៃអំពើគំរាមកំហែង និងឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យ កម្ពុជា៖

ទី១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ភាគីថៃបាន បន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៥

- ចាប់ពីម៉ោង ២០:០០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាមាន់ និងដំណាក់ស្តេច។ រហូតដល់ម៉ោង ៥:០០នាទីព្រឹកនេះទើបស្ងប់ស្ងាត់។

ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

ទី២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥

*ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥

- ម៉ោង ១៧:២៨នាទី យោធាថៃបានបន្តប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់នៅភូមិសាស្ត្រថ្មដា។

*ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥

- ម៉ោង ៤:៥៤នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងបាញ់រះនៅភូមិសាស្ត្រអូរភ្លុកដំរី។

- ម៉ោង ៥:៤១នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវាចម្បាំងនៅភូមិសាស្ត្រថ្មដា។

- ម៉ោង ៦:០១នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។

- ម៉ោង ៦:៥៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តឃុំថ្មដា។

- ម៉ោង ៧:៤២នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៥គ្រាប់ ចូលផ្ទះប្រជាជនស្លូតត្រង់ ស្ថិតនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

- ម៉ោង ៨:៤៨នាទី យោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្ត្រជោគជ័យ ខេត្តបន្ទាយមានជ័យ។

ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

សូមធ្វើការបញ្ជាក់ជូនសាជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើ «គោលដៅ យោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ» ប៉ុន្តែមានតែ ភាគីថៃទេ ដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជន ស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន ១៨នាក់ (ទារក ១នាក់) និងរងរបួសចំនួន ៧៩នាក់ គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ម៉ោង ៦ល្ងាច។

កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចេតនាក្នុងគោលដៅបង្វែរការ ចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកជាលេស បង្កើនភាពតានតឹងក្នុងគោលបំណងបម្រើដល់សកម្មភាពឈ្លានពានមកលើបូរណភាពទឹកដីស្របច្បាប់ របស់កម្ពុជាប៉ុណ្ណោះ។

ម្តងហើយម្តងទៀត កងទ័ពថៃតែងតែយកលេស និងប្រើប្រាស់គ្រប់ឧបាយកល ដើម្បីលាក់កម្បាំងទង្វើ ឈ្លានពានរបស់ខ្លួនមកលើអធិបយតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាដោយបំពានយ៉ាងកំរោលទៅ លើច្បាប់អន្តរជាតិ។ ទង្វើឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាដ៏ឃោរឃៅ រួមទាំងការប្រើប្រាស់អាវុធ យុទ្ធោបករណ៍ធុនធ្ងន់ និងមានកម្រិតបំផ្លាញខ្ពស់ដូចជា៖ យន្តហោះចម្បាំង, នាវាចម្បាំង, កាំភ្លើងធំ គ្រប់ប្រភេទ, គ្រាប់បែកចង្កោម, ផ្សែងពុល, ដ្រូនគ្រប់ប្រភេទ និងអាវុធធុនធ្ងន់ជាច្រើនទៀត មកវាយប្រហារលើកម្ពុជា ជាពិសេសទៅលើជនស៊ីវិល និងបេតិកភណ្ឌដែលជាសម្បត្តិរបស់មនុស្សជាតិ បានបញ្ជាក់យ៉ាងច្បាស់ក្រឡែតថា ថៃគឺជារដ្ឋដែលបំពានច្បាប់អន្តរជាតិ ជារដ្ឋដែលបំផ្លាញសន្តិភាព និងសន្តិសុខ មិនត្រឹមតែរវាងជាមួយកម្ពុជាប៉ុណ្ណោះទេប៉ុន្តែតំបន់ទាំងមូល ដើម្បីបម្រើមហិច្ឆតាឈ្លានពាន មិនចេះឆ្អែតឆ្អន់របស់ខ្លួនមកលើប្រទេសដែលតូច និងខ្សោយជាងខ្លួនប៉ុណ្ណោះ។

យើងអំពាវនាវឱ្យកងទ័ពថៃបញ្ឈប់ជាបន្ទាន់នូវទង្វើភូតកុហកបោកប្រាស់បំភ្លៃការពិតមិនចេះចប់មិនចេះហើយ ហើយងាកមករកមាគ៌ាសន្តិភាពឡើងវិញតាមរយៈការបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួន គោរពបទឈប់បាញ់ដែលខ្លួនបានបំពាន និងអនុវត្តឡើងវិញនូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ។ កងទ័ពថៃត្រូវបង្ហាញអំពីភាពស្មោះត្រង់របស់ខ្លួនប្រកបដោយតម្លាភាព និងសុច្ឆន្ទៈដោយស្តែងចេញ តាមរយៈទង្វើដែលមានការទទួលខុសត្រូវខ្ពស់ និងគោរពច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ មិនមែនតាម រយៈវោហារស័ព្ទ និងការភូតកុហកនោះទេ។

ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់។

សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា។ យើងក៏បញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើង ដូចដែលមានចែងនៅ ក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹក ដី និងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយ។

សូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់ និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែល កំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់។ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជារួប រួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាន និងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។

សម្រាប់ព័ត៌មានបន្ថែមស្តីពីស្ថានការណ៍ជួរមុខក្រសួងការពារជាតិនឹងមានចេញផ្សាយក្នុងប្រព័ន្ធផ្សព្វ ផ្សាយផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា៕


k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640