(ភ្នំពេញ)៖ ដើម្បីដោះស្រាយបញ្ហាប្រឈមជូនបងប្អូនកម្មករ-និយោជិតទាំងអស់ ឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាពនោះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនទាក់ទងមកលេខ ១២៨៦ ដែលជាលេខ Hotline របស់ក្រសួង។
លោក ស៊ុន មេសា បានលើកឡើងនៅថ្ងៃទី១០ ខែមករានេះថា៖ «នៅពេលបងប្អូនកម្មករ-និយោជិត មានបញ្ហាទាក់ទងនឹងលក្ខខណ្ឌការងារ ច្បាប់ការងារ ការរំលោភសិទ្ធិ ឬការជេរប្រមាថណាមួយនោះ សូមបងប្អូនទាក់ទងមកក្រសួងការងារ តាមរយៈលេខ Hotline ១២៨៦ ដែលធ្វើការ ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្ដាហ៍»។
អ្នកនាំពាក្យរូបនេះបានបន្តថា នៅពេលទទួលបានព័ត៌មាន ឬសំណើពីបងប្អូនកម្មករ-និយោជិតភ្លាម ក្រសួងការងារ នឹងចាត់មន្ត្រីជំនាញចុះទៅអន្តរាគមន៍សម្របសម្រួលដោះស្រាយជូនដោយលឿនរហ័ស មានប្រសិទ្ធភាព យុត្តិធម៌ និងស្របតាមច្បាប់ជាធរមាន។
លោក ស៊ុន មេសា ក៏បានអំពាវនាវដល់បងប្អូនកម្មករ-និយោជិតទាំងអស់ សូមចៀសវាងនូវការតវ៉ាខុសនីតិវិធី ឬបិទផ្លូវសាធារណៈ នៅខណៈដែលមិនទាន់បានទាក់ទងមកក្រសួងការងារ ដើម្បីឱ្យជួយដោះស្រាយជូននៅឡើយ។
បន្ថែមពីនេះ អ្នកនាំពាក្យដដែល ក៏បានលើកឡើងថា សូមបងប្អូនជឿទុកចិត្តមកលើយន្ដការសម្របសម្រួលដោះស្រាយរបស់ក្រសួងការងារ ហើយប្រគល់បញ្ហារបស់បងប្អូនឱ្យមន្ត្រីជំនាញដោះស្រាយជូន ដោយលោកថា សំណូមពរ និងបញ្ហារបស់កម្មករ-និយោជិត គឺក្រសួងការងារតែងតែយកចិត្តទុកដាក់ដោះស្រាយ ឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាព៕






0 comments:
Post a Comment