នាវាកងទ័ពជើងទឹកអាមេរិក ចូលដល់សមុទ្រកម្ពុជា ចតនៅមូលដ្ឋានសមុទ្ររាម៥ថ្ងៃ, ការមកដល់នាវាជើងទឹកអាមេរិក បង្ហាញការលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាកម្ពុជា-អាមេរិក
(ភ្នំពេញ)៖ ដូចការគ្រោងទុកនាវាចម្បាំងអាមេរិកមួយគ្រឿង ជាមួយនាវិកប្រមាណជា១០០នាក់ បានចូលដល់សមុទ្រកម្ពុជាហើយ ហើយនឹងចតនៅមូលដ្ឋានសមុទ្ររាមរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា។
នាវាកងទ័ពជើងអាមេរិកដែលចូលចតនៅផែសមុទ្ររាមនេះ មានឈ្មោះ USS CINCINNATI (LCS 20)។ នាវានេះ មានទម្ងន់ប្រមាណជា ៣ពាន់តោន មានប្រវែងជិត ១៣០ម៉ែត្រ ហើយមានផ្ទុកឧទ្ធម្ភាគចក្រផងដែរ។ នាវាកងទ័ពជើងអាមេរិក ដែលជានាវាកងទ័ពជើងទឹកបរទេសដំបូង ធ្វើដំណើរមកកាន់កម្ពុជានៅដើមឆ្នាំ២០២៦ ដឹកនាំដោយមេបញ្ជាការវរនាវីត្រី Andrew J.Recame។
ដំណើរមដល់នៃនាវាចម្បាំងអាមេរិក ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយឧត្តមនាវីត្រី អុិន សុខេមរា មេបញ្ជាការរង មូលដ្ឋានសមុទ្ររាមកងទ័ពជើង។
ក្នុងឱកាសសំចតនៅសមុទ្រកម្ពុជានេះ កងទ័ពជើងទឹកកម្ពុជា និងអាមេរិក នឹងកម្មវិធីហ្វឹកហ្វឺនរួមគ្នា និងការលេងកីឡាជាមួយគ្នាផងដែរ ដើម្បីរឹតចំណងមេត្រីភាព។
ទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក រហូតមកដល់បច្ចុប្បន្នមានរយៈពេល ៧៦ឆ្នាំ ដោយចាប់ផ្តើមនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០ ក្រោយពេលបញ្ចប់សង្គ្រាមលោកលើកទី២។ ដោយឡែកកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកអាមេរិកជានិច្ចកាលបានផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការទៅវិញទៅ មកតាមរយៈការហ្វឹកហ្វឺននានា ការចូលជួបសវនាការសម្តែងការគួរសម និងជួយឧបត្ថម្ភគាំទ្រផ្សេងៗទៀត។
ចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០២៦នេះ នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានចូលសំចតបំពេញទស្សនកិច្ចសរុបទាំងអស់ចំនួន ៣១លើកជាមួយនឹងនាវាចំនួន ៣៧គ្រឿង។
មន្ត្រីកងទ័ពជើងទឹកកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តគោលនយោបាយបើកចំហ តម្លាភាព និងសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពតំបន់។ កម្ពុជា បន្តគាំទ្រការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់អាស៊ាន និងឥណ្ឌូ-ប៉ាស៊ីហ្វិក តាម រយៈកិច្ចសហប្រតិបត្តិការដែលផ្អែកលើការគោរពអធិបតេយ្យភាព និងច្បាប់អន្តរជាតិ។
មន្ត្រីកងទ័ពជើងទឹកកម្ពុជា បានអះអាងថា កងទ័ពជើងទឹកកកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រឹងកិច្ចសហប្រតិបតិត្តការរវាងកងទ័ពជើងទឹកប្រទេសទាំងពីរជាមួយការស្វាគមន៍បន្ថែមទៀតពីសំណាក់នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា ជាមួយការចូលចតនៃនាវាកងទ័ពជើងទឹកអាមេរិកនាពេលនេះ ក៏មានដំណើរទស្សនកិច្ចនៅកម្ពុជារបស់មេទ័ពជើងទឹកអាមេរិក នាយឧត្តមនាវី Samuel Paparo មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។
នាវាកងទ័ពជើងទឹកអាមេរិកដែលមកចតនៅមូលដ្ឋានសមុទ្ររាមនាពេលនេះ គឺជានាកងទ័ពជើងទឹករបស់បរទេសទី៣ហើយ ដែលបានចូលមកសំចតនៅកំពង់ផែសមុទ្ររាម បន្ទាប់ពីការធ្វើទំនើបកម្ម និងសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២៥។ នាវាទី១របស់ជប៉ុន នាវាទី២ របស់វៀតណាម៕






























0 comments:
Post a Comment