លោក ហ្សេលេនស្គី៖ កិច្ចប្រជុំត្រីភាគីរវាងអ៊ុយក្រែន រុស្ស៉ី និងសហរដ្ឋអាមេរិក នឹងធ្វើឡើងនៅអេមីរ៉ាតអារ៉ាប់រួម
(Davos ស្វ៊ីស)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាអេមីរ៉ាតអារ៉ាប់រួមនឹងធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំត្រីភាគីស្ដីពីសង្រ្គាមអ៊ុយក្រែន នៅក្នុងសប្ដាហ៍នេះជាមួយក្រុមមន្ត្រីអ៊ុយក្រែន អាមេរិក និងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ហ្សេលេនស្គីមិនបានបញ្ជាក់លម្អិតពីទម្រង់នៃកិច្ចប្រជុំ ឬក៏ថាតើក្រុមមន្ត្រីអ៊ុយក្រែន និងរុស្ស៉ីនឹងជួបចរចាគ្នាដោយផ្ទាល់ឬក៏យ៉ាងណានោះទេ? ខណៈការិយាល័យរបស់លោកក៏មិនបានឆ្លើយតបទៅនឹងការស្នើសុំ ការអត្ថាធិប្បាយនោះដែរ។ នៅក្នុងសុន្ទរកថាមួយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos ប្រទេសស្វ៊ីសកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថាវានឹងក្លាយជា កិច្ចប្រជុំត្រីភាគីជាលើកដំបូង នៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម។ កិច្ចប្រជុំនេះអាចធ្វើឡើងនៅថ្ងៃស្អែក ឬថ្ងៃខានស្អែក។
គួរបញ្ជាក់ថា តាមលោក ហ្សេលេនស្គី ប្រតិភូអ៊ុយក្រែននឹងដឹកនាំដោយប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ លោក Rustem Umerov។ អេមីរ៉ាតអារ៉ាប់រួម បានជួយសម្របសម្រួលរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីឆ្នាំ២០២២មកម្ល៉េះក្នុងនោះជាពិសេសគឺការសម្របសម្រួលឱ្យមានការដោះដូរឈ្លើយសឹក៕



0 comments:
Post a Comment