រដ្ឋមន្រ្តីក្រសួងសាធារណការ ចុះពិនិត្យទីតាំងដីច្រោះកណ្តាលទ្រូងផ្លូវ នៅសង្កាត់បិតត្រាំង ក្រុងព្រះសីហនុ
(ព្រះសីហនុ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យទីតាំងដីច្រោះកណ្តាលទ្រូងផ្លូវ ស្ថិតនៅចំណុចគីឡូម៉ែតលេខ ២១៣+៥២៥ ផ្លូវជាតិលេខ៤ សង្កាត់បិតត្រាំង ក្រុងព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងក្រុមការងារបច្ចេកទេសជាច្រើនរូបទៀត។
ទីតាំងដីដែលបាក់ស្រុតនេះ កើតឡើងដោយសារបាក់លូដែលនៅក្រោមផ្លូវនេះ ដែលមានអាយុកាលចាស់ប្រមាណជាង ៦០ឆ្នាំហើយ ពោលគឺអំឡុងពេលសាងសង់ផ្លូវជាតិលេខ៤ ក្រោមជំនួយរបស់រដ្ឋាភិបាលអាម៉េរិកមកម្លេះ ព្រមទាំងទឹកហូរច្រោះក្រោមតួផ្លូវក្នុងអំឡុងភ្លៀងធ្លាក់ជោគជាំនារដូវវស្សាកន្លងមក។
ជាដំណោះស្រាយបឋម ក្រុមការងារបានចាក់ដីលុបដើម្បីសម្រួលចរាចរណ៍ការពារកុំឱ្យមានគ្រោះថ្នាក់ ហើយនឹងរៀបចំសាងសង់ប្រព័ន្ធលូឲ្យបានល្អឡើងវិញ និងកែសម្រួលមុខទឹកចូល និងមុខទឹកចេញឲ្យបានត្រឹមត្រូវ។ ទន្ទឹមនឹងនេះ ក្រសួងក៏នឹងបញ្ជូនក្រុមការងារបច្ចេកទេសបន្ថែមទៀត ដោយប្រើកាម៉េរា ROBOT ដើម្បីត្រួតពិនិត្យគ្រប់ប្រព័ន្ធលូដែលកាត់ទទឹងនៅលើផ្លូវជាតិលេខ៤នេះផងដែរ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមការងារបានចាក់ដីលុបបង្ហាប់បំពេញបណ្តោះអាសន្ន បានដាក់ផ្លាកសញ្ញាសុវត្ថិភាពលើទីតាំងបាក់ស្រុតនេះ ហើយប្រជាពលរដ្ឋអាចធ្វើដំណើរទៅ-មកបានជាធម្មតា តាំងពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦មកម៉្លេះ៕






















0 comments:
Post a Comment