អាស៊ានមិនទទួលស្គាល់ការបោះឆ្នោតសកលនៅមីយ៉ាន់ម៉ា ដែលបក្សគាំទ្រដោយយោធាអះអាងពីជ័យជម្នះ
(Cebu ហ្វីលីពីន)៖ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro បាននិយាយថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានមិនបានទទួលស្គាល់ការបោះឆ្នោតសកល ដែលត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ ដែលជាការបោះឆ្នោតលើកដំបូងបំផុតចាប់តាំងពីយោធាធ្វើរដ្ឋប្រហារដណ្ដើមអំណាចក្នុងឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។
ការបដិសេធមិនទទួលស្គាល់ការបោះឆ្នោតនៅមីយ៉ាន់ម៉ាដោយអាស៊ានដែលគណបក្សគាំទ្រដោយយោធាអះអាងពីជ័យជម្នះគឺជាបរាជ័យធំមួយនៃកិច្ចប្រឹងប្រែងរបស់របបសឹកមីយ៉ាន់ម៉ាដែលកំពុង ខ្នះខ្នែងស្វែងរកការទទួលស្គាល់ពីអន្តរជាតិ។ ប្លុកអាស៊ានដែលមានសមាជិក១១ប្រទេសក្នុងនោះរួមមានទាំងមីយ៉ាន់ម៉ា បានបដិសេធទទួលស្គាល់របបសឹកចាប់តាំងពីយោធាធ្វើរដ្ឋប្រហារបណ្ដេញ រដ្ឋាភិបាលឈ្នះឆ្នោតរបស់លោកស្រី Aung San Suu Kyi ក្នុងឆ្នាំ២០២១។ រដ្ឋប្រហារបានធ្វើឱ្យមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល។
នៅពេលត្រូវបានសាកសួរនៅក្នុងសន្និសីទសារព័ត៌មានថាតើប្លុកអាស៊ានមិនទទួលស្គាល់ការបោះឆ្នោតនៅមីយ៉ាន់ម៉ាទេឬ? រដ្ឋមន្ត្រីការបរទេសអាស៊ាន លោកស្រី Theresa Lazaro បានឆ្លើយថា «ពិតណាស់ក្នុងពេលនេះ អាស៊ានមិនទទួលស្គាល់ការបោះឆ្នោតនៅមីយ៉ាន់ម៉ាទេ»។ លោកស្រីបន្តថាអាស៊ានក៏មិនបានទទួលស្គាល់ដំណាក់កាលទី៣នៃការបោះឆ្នោតដែលបានរៀបចំឡើងនៅ មីយ៉ាន់ម៉ានោះដែរ។
លោកស្រី Lazaro មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមថាតើមានអ្វីដែលអាចកែប្រែគោលជំហររបស់អាស៊ានបានឬក៏យ៉ាងណានោះទេ? លោកស្រីថ្លែងបែបនេះនៅបន្ទាប់ពីដឹកនាំកិច្ចប្រជុំចង្អៀតថ្នាក់ រដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងទីក្រុង Cebu កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ក្នុងនាមហ្វីលីពីនជាប្រធានអាស៊ានឆ្នាំ២០២៦៕






0 comments:
Post a Comment