ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជំរុញឱ្យមន្ត្រីរាជការត្រៀមខ្លួនមិនត្រឹមតែចេះប្រើប្រាស់ តែត្រូវរៀនធ្វើជាម្ចាស់លើបច្ចេកវិទ្យា AI ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងកសាងឧត្តមភាពប្រកួតប្រជែងរបស់ជាតិ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីរាជការត្រៀមខ្លួនមិនត្រឹមតែចេះប្រើប្រាស់ តែត្រូវរៀនធ្វើជាម្ចាស់លើបច្ចេកវិទ្យា AI ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងកសាងឧត្តមភាពប្រកួតប្រជែងរបស់ជាតិ។
ការជំរុញបែបនេះរបស់ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានធ្វើឡើងនាព្រឹកថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសលោកបានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ដោយផ្តោតលើប្រធានបទចំនួន៤ គឺ៖ និយមន័យនៃ AI, ការប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវ, ជំនាញ Prompt Engineering និង ការប្រើប្រាស់ឧបករណ៍ AI ដើម្បីបង្កើនផលិតភាពការងារ។
បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលនេះរួច ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណដល់គ្រូឧទ្ទេសទាំងអស់ដែលមានសមាសភាពមកពី ទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសាកលវិទ្យាល័យ CamTech ដែលបានចែករំលែកចំណេះដឹង និងបទពិសោធ ហើយបានបញ្ជាក់ថា ការចូលរួមវគ្គបណ្តុះបណ្តាលនេះ គឺដោយសារឧបនាយករដ្ឋមន្រ្តីប្រចាំការ ជឿជាក់លើបច្ចេកវិទ្យា និងចង់ជំរុញលើកទឹកចិត្តការប្រើប្រាស់បច្ចេកវិទ្យា ទាំងក្នុងកិច្ចការប្រចាំថ្ងៃ និងទាំងក្នុងកិច្ចការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចនូវទស្សនវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់បម្រើឱ្យការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាដើម្បីលើកកម្ពស់ជីវភាពនិងសុខុមាលភាពជូនប្រជាជន។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ចាត់ទុកបច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ច (Driver of Growth) សម្រាប់រយៈពេល ១០ទៅ ២០ឆ្នាំខាងមុខ។
លោកបានសង្កត់ធ្ងន់ថា ក្នុងបរិការណ៍នៃការប្រកួតប្រជែងសកល ប្រទេសនីមួយៗ រួមទាំងប្រទេសកម្ពុជាត្រូវ វិនិយោគលើ AI ដើម្បីបង្កើននូវឧត្តមភាពប្រកួតប្រជែង (Competitive Advantage) ទាំងលើទិដ្ឋភាព សេដ្ឋកិច្ច បច្ចេកវិទ្យា យោធា និងសង្គម។
សម្រាប់កម្ពុជា, ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ទោះបីកម្ពុជាមិនទាន់អាចឈានដល់កម្រិតបង្កើតបច្ចេកវិទ្យាថ្មី (Invention) ដោយខ្លួនឯង ប៉ុន្តែយើងត្រូវហ៊ានវិនិយោគ ដើម្បីមានសមត្ថភាពអាចចាប់យកបច្ចេកវិទ្យាដែលមានស្រាប់មកប្រើប្រាស់ (Application) ឱ្យអស់លទ្ធភាព និងឱ្យត្រូវតាមតម្រូវការប្រើប្រាស់ជាក់ស្តែង បើពុំដូច្នោះទេយើងនឹងដើរក្រោយគេឆ្ងាយ។
លើសពីនេះ លោកបានផ្តល់ទស្សនាទានថា យើងត្រូវរៀនសូត្រដើម្បី «ធ្វើជាម្ចាស់លើ AI» មិនមែនគ្រាន់តែជាអ្នកប្រើប្រាស់នោះទេ ដោយ AI គឺជាជំនួយការដ៏ល្អ ប៉ុន្តែការសម្រេចចិត្តចុងក្រោយត្រូវផ្អែកលើបញ្ញា (Intelligence), បទពិសោធ (Experience), Intuitionនិងប្រាជ្ញាវិនិច្ឆ័យ របស់ មនុស្ស។
ជាទិសដៅការងារបន្តសម្រាប់ទីស្តីការគណៈរដ្ឋមន្ត្រី, ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យបង្កើត «ក្រុមការងារដឹកនាំកម្មវិធី AI Application» នៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីសិក្សាពីចន្លោះខ្វះខាត និងរៀបចំផែនការប្រើប្រាស់ AI ក្នុងកិច្ចការប្រចាំថ្ងៃ ទៅតាមមុខងារ និងអង្គភាពដែលមានការចាំបាច់ ដើម្បីបង្កើនផលិតភាព គុណភាព និងប្រសិទ្ធភាពការងារ និងវិនិយោគលើការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីឱ្យដើរទាន់បច្ចេកវិទ្យា ដោយចាត់ទុកថាជាការវិនិយោគដើម្បីអនាគតរបស់ស្ថាប័នក៏ដូចជាសម្រាប់ប្រទេស៕


























0 comments:
Post a Comment