អគ្គនាយកដ្ឋានធនធានមនុស្ស បង្កើតក្រុមការងារចំពោះកិច្ច រៀបចំនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការគ្រប់គ្រងមន្ត្រីរាជការក្រសួងមហាផ្ទៃ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានធនធានមនុស្សនៃក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារចំពោះកិច្ច រៀបចំនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការគ្រប់គ្រងមន្ត្រីរាជការក្រសួងមហាផ្ទៃ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍមន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ។
កិច្ចប្រជុំប្រជុំប្រកាសក្រុមការងារចំពោះកិច្ច រៀបចំនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការគ្រប់គ្រងមន្ត្រីរាជការក្រសួងមហាផ្ទៃ បានរៀបចំឡើងនារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងជាប្រធានការងារចំពោះកិច្ច រៀបចំនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការគ្រប់គ្រងមន្ត្រីរាជការក្រសួងមហាផ្ទៃ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ប្រធាន-អនុប្រធាន នៃក្រុមការងារចំពោះកិច្ច រៀបចំនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការគ្រប់គ្រងមន្ត្រីរាជការក្រសួងមហាផ្ទៃ ពិធីនេះប្រារព្ធធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានលើកឡើងថា នៅក្នុងអាណត្តិទី៧នេះ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សក្រសួងមហាផ្ទៃ ដោយឈរលើទស្សនវិស័យកំណែទម្រង់ស៊ីជម្រៅ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍមន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ដើម្បីធានាឱ្យក្រសួងមហាផ្ទៃមានធនធានមនុស្សគ្រប់គ្រាន់ ប្រកបដោយគុណវុឌ្ឍ ចំណេះដឹង ជំនាញវិជ្ជាជីវៈ ទេពកោសល្យ និងគំនិតច្នៃប្រឌិតឱ្យក្លាយទៅជាមូលធនមនុស្ស សម្រាប់បំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកបន្ដថា ផ្អែកតាមសកម្មភាពដែលកំណត់ក្នុងផែនការយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងនិងអភិវឌ្ឍ ធនធានមនុស្សក្រសួងមហាផ្ទៃនេះ បានតម្រូវឱ្យមានការរៀបចំនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការគ្រប់គ្រងមន្ត្រីរាជការក្រសួងមហាផ្ទៃ (SOP) សម្រាប់ជាឧបករណ៍គតិយុត្តក្នុងការគ្រប់គ្រង មន្ត្រីរាជការនៃក្រសួងមហាផ្ទៃទាំង ៣ក្របខ័ណ្ឌ។ ក្នុងន័យនេះ ដើម្បីគាំទ្រនិងអនុវត្តសកម្មភាពនេះ ឱ្យបានសម្រេចតាមលទ្ធផលរំពឹងទុក ក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារក្រុមការងារចំពោះកិច្ច ដើម្បីសិក្សានិងរៀបចំឯកសារនិយាមនីតិវិធីប្រតិបត្តិនេះឱ្យសម្រេចបានក្នុងឆ្នាំ២០២៦នេះ។
លោកអគ្គនាយក បន្ថែមថា និយាមនីតិវិធីប្រតិបត្តិសម្រាប់ការគ្រប់គ្រងមន្ត្រីរាជការក្រសួងមហាផ្ទៃ (SOP) នឹងក្លាយជាឯកសារគតិយុត្តមួយ សម្រាប់ជាឯកសារជំនួយស្មារតីដល់មន្ត្រីដែលទទួលបន្ទុកការងារ គ្រប់គ្រងធនធានមនុស្សប្រើប្រាស់ជាមូលដ្ឋានក្នុងការបំពេញការងាររបស់ខ្លួន បានត្រឹមត្រូវ និង មានលក្ខណៈងាយស្រួល ដោយសារបទបញ្ញត្តិនានាពាក់ព័ន្ធនឹងគោលការណ៍ និងនីតិវិធីនៃការ គ្រប់គ្រងបុគ្គលិក និងការវិវត្តអាជីពរបស់មន្ត្រីរាជការ ចាប់តាំងពីការជ្រើសរើសចូលក្របខ័ណ្ឌ រហូតដល់ចាកចេញពីក្របខ័ណ្ឌរដ្ឋ ត្រូវបានប្រមូលចងក្រង និងរៀបចំក្នុងឯកសារតែមួយងាយ ស្រួលក្នុងការប្រើប្រាស់សម្រាប់មន្ត្រីទទួលការងារបុគ្គលិកទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
យោងតាមសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច រៀបចំនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការគ្រប់គ្រងមន្ត្រីរាជការក្រសួងមហាផ្ទៃ មានសមាសភាព៨រូបរួមមាន៖
១. នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស ជាប្រធាន
២. តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាអនុប្រធាន
៣. តំណាងអគ្គនាយកដ្ឋាន/អង្គភាពថ្នាក់ប្រហាក់ប្រហែល ជាសមាជិក
៤. អគ្គនាយករងនៃអគ្គនាយកដ្ឋាធនធានមនុស្ស ជាសមាជិក
៥. លោក អ៊ួង ចន្ធី ប្រធាននាយកដ្ឋានបុគ្គលិកមន្រ្តីរាជការស៊ីវិល និងមន្រ្តីពន្ធនាគារ ជាសមាជិកអចិន្រ្តយ៍
៦. ឧត្តមសេនីយ៍ឯក ឱ សំណាង ប្រធាននាយកដ្ឋានបុគ្គលិកមន្រ្តីនគរបាលជាតិ ជាសមាជិក
៧. ឧត្តមសេនីយ៍ឯក ម៉ុក វណ្ណា ប្រធាននាយកដ្ឋានរដ្ឋបាលសរុប ជាសមាជិក
៨. ឧត្តមសេនីយ៍ទោ លី វ៉ាន់ឌី ប្រធាននាយកដ្ឋានគោលនយោបាយ ជាសមាជិក៕




















0 comments:
Post a Comment