អាជ្ញាធរជាតិអប្សរា ដំឡើងកៅអីសម្រាប់ឱ្យភ្ញៀវទេសចរ បានអង្គុយសម្រាក នៅតាមប្រាសាទមួយចំនួន ក្នុងរមណីយដ្ឋានអង្គរ
(សៀមរាប)៖ ក្នុងឆ្នាំ២០២៦នេះ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរា បានរៀបចំដំឡើងកៅអី នៅតាមប្រាសាទបុរាណសំខាន់ៗ និងទីតាំងចាំបាច់នានាមួយចំនួន ក្នុងរមណីយដ្ឋានអង្គរ ដើម្បីឱ្យភ្ញៀវទេសចរ បានអង្គុយសម្រាកយកកម្លាំង បំបាត់ភាពនឿយហត់នៅពេលដើរទស្សនា ពីប្រាសាទមួយទៅប្រាសាទមួយ។ ពិសេសគឺទេសចរវ័យចំណាស់ ក្មេងតូចៗ និងជនពិការ អាចអង្គុយរង់ចាំ ឬអង្គុយទស្សនាប្រាសាទពីចម្ងាយបានដោយក្តីរីករាយ។
លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានឱ្យដឹងថា ការដំឡើងកៅអីអង្គុយនៅតាមប្រាសាទ ធ្វើឡើងដោយបានសិក្សាយ៉ាងលម្អិតទៅលើទីតាំង ចំនួនភ្ញៀវទេសចរ និងតម្រូវការរបស់ភ្ញៀវទេសចរ ដើម្បីសម្រួលដល់ការអង្គុយសម្រាកបំបាត់ភាពនឿយហត់នៅពេលដែលដើរទស្សនាប្រាសាទ។ ម្យ៉ាងទៀត ការដំឡើងកៅអី សម្រាប់ទេសចរអង្គុយសម្រាកនៅតាមប្រាសាទ ជួយកាត់បន្ថយភ្ញៀវទេសចរអង្គុយលើថ្មប្រាសាទ កាត់បន្ថយបញ្ហាកកស្ទះនៅក្នុងប្រាសាទ រួមចំណែកក្នុងកិច្ចការអភិរក្សប្រាសាទបុរាណដែលមានអាយុរាប់រយឆ្នាំមកហើយ។
លោក ទេស សុធីរ បន្តថា កៅអីដែលរៀបចំដំឡើងនៅតាមទីតាំងប្រាសាទនីមួយៗ គឺក្រោមម្លប់ឈើអាចឱ្យទេសចរអង្គុយសម្រាកលំហែគយគន់ទេសភាព និងប្រាសាទបានយ៉ាងល្អ អមជាមួយបរិយាកាសស្ងប់ស្ងាត់ បង្កើតបានអារម្មណ៍ស្រស់ស្រាយ ទទួលបានបទពិសោធន៍ល្អៗក្នុងការទស្សនានៅក្នុងរមណីយដ្ឋានអង្គរ។
អនុប្រធានរូបនេះ បញ្ជាក់ថា នៅក្នុងឆ្នាំ២០២៦នេះ អាជ្ញាធរជាតិអប្សរា មានគម្រោងដំឡើងកៅអីនៅតាមប្រាសាទបុរាណ និងទីតាំងចាំបាច់នានាក្នុងរមណីយដ្ឋានអង្គរ សរុបជាកៅអីចំនួន២២៥កៅអី។ ក្រុមការងារក៏បានសិក្សាអំពីបរិស្ថាន និងទីតាំងទេសភាពវប្បធម៌នីមួយៗយ៉ាងច្បាស់លាស់មុននឹងដំឡើងគ្រឿងបរិក្ខារ ដោយសិក្សាទៅលើទំហំរបស់ប្រាសាទ និងចំនួនភ្ញៀវចូលទស្សនា ដោយជ្រើសរើសយកទីតាំងយ៉ាងសមស្របមិនប៉ះពាល់ដល់ទេសភាពវប្បធម៌ ហើយថែមទាំងអាចទាក់ទាញឱ្យភ្ញៀវទេសចរអាចគយគន់ និងថតយករូបភាពបានស្អាតទៀតផង។
សូមរំឭកដែរថា នេះជាដំណាក់កាលទី២ហើយ ដែលអាជ្ញាធរជាតិអប្សរា បានដំឡើងកៅអីនៅតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរ។
ក្រៅពីនេះ អាជ្ញាធរជាតិអប្សរា បានរៀបចំគ្រឿងបរិក្ខារទេសចរណ៍ មានដូចជា រៀបចំកម្រាលឈើនៅតាមវង់ទស្សនាប្រាសាទមួយចំនួន រៀបចំកម្រាលដើម្បីឱ្យភ្ញៀវទេសចរ អាចទស្សនាថ្ងៃរះ និងថតរូបនៅស្រះខាងត្បូងមុខប្រាសាទអង្គរវត្ត ដំឡើងជណ្តើរឈើនៅតាមទីតាំងឡើង-ចុះក្នុងប្រាសាទមួយចំនួន ព្រមទាំងរៀបចំ ស្លាកសញ្ញាបង្ហាញប្រាប់ទិសដៅទស្សនា និងផ្ទាំងព័ត៌មានផ្សេងៗនៅតាមប្រាសាទជាដើម៕


















0 comments:
Post a Comment