គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នឹងចាប់ផ្តើមរំកិលធ្នឹមស្ពាន កាត់ពីលើផ្លូវជាតិលេខ២ នៅចុងខែនេះ, សូមបង្កើនការប្រុងប្រយ័ត្ន និងរកផ្លូវវាង
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីជូនដំណឹងស្តីពី ការអនុវត្តការរំកិលធ្នឹមស្ពាននៅចន្លោះសសរស្ពានទី៥ កាត់ពីលើផ្លូវជាតិលេខ២ នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៤រសៀល រួមទាំងមានការបិទចរាចរណ៍រយៈពេលខ្លីៗ ដូចនេះសូមរកផ្លូវវាង និងបង្កើតការប្រុងប្រយ័ត្នពេលធ្វើចររាចរណ៍នៅតំបន់នោះ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជាក់ដូចនេះថា ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានទីតាំងភូមិសាស្ត្រខាងលិច ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងខាងកើតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងអំឡុងពេលនេះនៅតំបន់ការដ្ឋានសាងសង់ស្ពានផ្នែកខាងលិច នៅចន្លោះសសរស្ពានទី៥ កាត់រំលងផ្លូវជាតិលេខ២ (ក្បែរសាលា ACE) នឹងចាប់ផ្តើមអនុវត្តរំកិលធ្នឹមស្ពាន ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៦ព្រឹក រហូតដល់ម៉ោង ៤រសៀល។ ដើម្បីសុវត្ថិភាពក្នុងអំឡុងពេលនៃការអនុវត្តរំកិលធ្នឹមស្ពានចំណុចខាងលើនេះ នឹងត្រូវបានបិទចរាចរណ៍រយៈពេលខ្លីៗ ដែលអាចនឹងកកស្ទះ រំខានដល់អ្នកធ្វើចរាចរណ៍។
ដូចនេះដើម្បីសម្រួលដល់ការធ្វើដំណើរ និងធានាបាននូវសុវត្ថិភាពអ្នកដំណើរតាមផ្លូវជាតិលេខ២ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ មេត្តាប្រើប្រាស់ផ្លូវវាងតាមមហាវិថី សម្តេចតេជោហ៊ុន សែន (ផ្លូវ៦០ម.) ដើម្បីកាត់បន្ថយការកកស្ទះ។
ក្នុងដំណើរឆ្លងកាត់ការដ្ឋាន សូមមេត្តាយកចិត្តទុកដាក់ក្នុងការបើកបរ ដោយមានការប្រុងប្រយ័ត្ន បន្ថយល្បឿនបើកបរ គោរពតាមផ្លាកសញ្ញាបង្ហាញ អនុវត្តតាមការផ្តល់សញ្ញានិងការណែនាំពីសមត្ថកិច្ច និងបុគ្គលិកការដ្ឋានសាងសង់ ដើម្បីចៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ៕











0 comments:
Post a Comment