ក្រសួងការពារជាតិ ធ្វើបច្ចុប្បន្នភាពការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី១១ ខែធ្នូនេះ
(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានធ្វើបច្ចុប្បន្នភាព អំពីសភាពការណ៍នៃការឈ្លានពានរបស់ ភាគីថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ សម្រាប់ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ។
ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង «សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជាដោយការប្រើប្រាស់កម្លាំងយោធារហូតមកដល់ថ្ងៃព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។
ការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់ក្រឡែត ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់បែបនេះ បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។
ស្ថានភាព នៃអំពើគំរាមកំហែង និងឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យកម្ពុជា៖
ទី១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ភាគីថៃបានបើកការបាញ់ប្រហារមកលើ កម្ពុជា៖ គិតចាប់ពីម៉ោង ៣:០០នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ដល់ម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ
- ម៉ោង ១៥:០៥នាទី យោធាថៃបានប្រើប្រាស់រថក្រោះបុកចូលអានសេះ។
- ម៉ោង ១៦:៣០នាទី យោធាថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកចំនួន ២គ្រាប់។
- ម៉ោង ១៧:០០នាទី ដល់ម៉ោង ២០:២៥នាទី យោធាថៃបានវាយលុកខ្លាំងនៅភូមិសាស្រ្តភ្នំ៦៧៧ ផ្សារអូរផ្កាស្នេហ៍ និងភ្នំ៥០០ ប្រាសាទព្រះវិហារ តាស៊ឹម ៥មករា។
នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥
- ម៉ោង ០៤:៤០នាទី យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារមកលើកម្ពុជា ដោយកាំភ្លើងធំចូល ប្រាសាទខ្នារ។
- ម៉ោង ០៤:៥០នាទី យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារមកលើកម្ពុជាដោយកាំភ្លើងធំចូលក្នុងតំបន់ថ្មដូន។
- ម៉ោង ៥:០០នាទី យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារមកលើកម្ពុជា ដោយរថក្រោះ បាញ់កាំភ្លើងធំ ចូលទីតាំងថ្មដូនយ៉ាងច្រើន។
- ម៉ោង ៥:២០យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារមកលើកម្ពុជា នៅតំបន់មុខតាស៊ឹម។
- ម៉ោង ៦:១៦នាទី យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារមកលើកម្ពុជា ដោយបាញ់កាំភ្លើងធំ កាំភ្លើងគំាទ្រចូលតំបន់អូរស្មាច់។
- ម៉ោង ៦:៣៥នាទី យោធាថៃបានចាប់ផ្តើមបើកបាញ់ប្រហារមកលើកម្ពុជាចូលប្រាសាទតាក្របី។
ទី២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ភាគីថៃបានបើកការបាញ់ប្រហារមកលើ កម្ពុជា៖ គិតចាប់ពីម៉ោង ៣:០០នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ដល់ម៉ោង ៧:០០នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ
-ម៉ោង ១៥:១២នាទី កម្លាំងថ្មើរជើងថៃនៅតែបន្តបាញ់ប្រហារ និងព្យាយាមរុលចូលមកខាងភូមិសាស្រ្ត ភូមិជោគជ័យ។
-ម៉ោង ១៥:៤២នាទី យោធាថៃបានប្រើប្រាស់ដ្រូនហោះចូលភូមិសាស្រ្តស្រុកម៉ាឡៃ ក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
- ម៉ោង ១៥:៤៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំគ្រាប់ទម្លាក់ចំភូមិសាស្ត្រឃុំថ្មថា និងភូមិសាស្ត្រ អូរភ្លុកដំរី។
- ម៉ោង ១៥:៤៥នាទី យោធាថៃបានបាញ់ផ្លោងគ្រាប់កាំភ្លើង១៥៥ម.ម ចំនួន ២គ្រាប់ចូលសាលាបឋម សិក្សាខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក។
- ចាប់ពីវេលាម៉ោង ១៥:៤៥នាទី រហូតដល់ម៉ោង ១៧:៣០នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ ម.ម. បានបាញ់មកលើទីតាំងរបស់កម្ពុជា នៅភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង និងអូរភ្លុកដំរី។
- ម៉ោង ១៧:៥០នាទី យោធាថៃបានបាញ់ផ្លោងជ្រុំ នៅភូមិសាស្រ្តភូមិព្រៃចាន់។
- ម៉ោង ១៨:២៨នាទី យោធាថៃបានបាញ់កាំភ្លើងធំប្រភេទ ១៥៥ម.ម ចូលភូមិសាស្រ្តឃុំថ្មដា។
- ម៉ោង ១៩:៤០នាទី រថក្រោះថៃសំដៅភូមិសាស្រ្តបឹងត្រកួន។
- ម៉ោង ២១:២១នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំគ្រាប់មកទម្លាក់នៅភូមិសាស្ត្រឃុំថ្មដា ចំនួន ២ គ្រាប់។
- ម៉ោង ២២:២៤នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំប្រភេទ ១០៥មម និងដ្រូនពាំក្បាលគ្រាប់ បាញ់ទម្លាក់តាមបណ្ដាគោលដៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំនួន ១១គ្រាប់។
គួរឱ្យកត់សម្គាល់ផងដែរថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ សកម្មភាពដ៏កំរោលរបស់យោធាថៃនេះជាការ បើកការបាញ់ប្រហារ ដោយមិនរើសគោលដៅបាញ់ចូលទីប្រជុំជនភូមិដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលរស់នៅ ពិសេសជាសាលារៀនរបស់កុមារ និងបានបាញ់បំផ្លាញប្រាសាទតាក្របី, ប្រាសាទព្រះវិហារជាទីសក្ការៈរបស់កម្ពុជា និងបេតិកភណ្ឌរបស់មនុស្សជាតិ។ ទង្វើដ៏សាហាវនេះបង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន។




0 comments:
Post a Comment