សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Friday, December 12, 2025

ព្រះចៅអធិការវត្តហ្លួង សង្កាត់លលកស ក្រុងពោធិ៍សាត់ ចលនាពុទ្ធបរិស័ទ និងសិស្សានុសិស្ស ដាល់អំបុក សម្រាប់ផ្តល់ជូនកងទ័ព និងជនភៀសសឹក ក្នុងស្មារតីខ្មែរជួយខ្មែរ

ចំនួនអ្នកទស្សនា: Views

 ព្រះចៅអធិការវត្តហ្លួង សង្កាត់លលកស ក្រុងពោធិ៍សាត់ ចលនាពុទ្ធបរិស័ទ និងសិស្សានុសិស្ស ដាល់អំបុក សម្រាប់ផ្តល់ជូនកងទ័ព និងជនភៀសសឹក ក្នុងស្មារតីខ្មែរជួយខ្មែរ

(ពោធិ៍សាត់)៖ ព្រះគ្រូគម្ពីររក្ខិតវង្ស ខាត់ ខេមរា ព្រះគ្រូចៅអធិការវត្តហ្លួង សង្កាត់លលកស ក្រុងពោធិ៍សាត់ នាថ្ងៃទី១០-១២ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំចលនាបងប្អូនប្រជាពលរដ្ឋជាពុទ្ធបរិស័ទ និងសិស្សានុសិស្ស ដាល់អំបុក ការពារជាតិមាតុភូមិ ក្នុងស្មារតីខ្មែរជួយខ្មែរ ឆ្លើយតបតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយ​ឧត្តមសេនីយ៍​ផុត​លេខ ផ្កាយ​មាស​៥ និង​ជា​ប្រធាន​ព្រឹទ្ធសភា ដែលបានអំពាវនាវ និងលើកទឹកចិត្តឱ្យមហាគ្រួសារខ្មែរ ជួយទិញស្រូវថ្មីពីកសិករដាល់អំបុក ឬទិញអំបុកពីអាជីវករខ្មែរ យកទៅចែកជនភៀសសឹក និងវីរកងទ័ពខ្មែរដ៏អង់អាច កំពុងវាយកម្ទេចសត្រូវថៃឈ្លានពាន។

ព្រះគ្រូគម្ពីររក្ខិតវង្ស ខាត់ ខេមរា ព្រះចៅអធិការវត្តហ្លួង មានសង្ឃដិកាថា កម្មវិធីដាល់អំបុកខាងលើនេះ ព្រះអង្គបានចលនាប្រជាពុទ្ធបរិស័ទ ដោយបានការចូលរួមពីសិស្សានុសិស្ស ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ តាមផែនការរៀបចំឱ្យបាន១តោន ស្របពេលដែលរដ្ឋបាលខេត្តពោធិ៍សាត់ ក៏បានអំពាវនាវគ្រប់ស្ថាប័ន វិស័យឯកជន សប្បុរសជនព្រមទាំងព្រះមន្ត្រីសង្ឃ ព្រះសង្ឃគ្រប់ទីវត្តអារាម ឱ្យចូលរួមជួយឧបត្ថម្ភ គាំទ្រទាំងស្មារតី សម្ភារៈ ថវិកា គ្រឿងឧបភោគបរិភោគ និងថ្នាំដង្កូវ ដើម្បីយកទៅចែកជនភៀសសឹក និងវីរកងទ័ពខ្មែរដ៏អង់អាចក្លាហាន។ ព្រះអង្គមានសង្ឃដិកាបន្តថា អំបុក១កញ្ចប់ មានលាយជាមួយសាច់ប៉ាក់យ៉ុង ត្រូវបានច្រកដោយអនាម័យ និងសរសេរនៅលើកញ្ចប់ថា «វត្តហ្លួង»។ ព្រះចៅអធិការវត្តហ្លួង សូមបិណ្ឌបាតដល់ កងកម្លាំងប្រដាប់អាវុធថៃ និងកម្ពុជា ដែលសុទ្ធសឹងជាប្រទេសដែលកាន់ព្រះពុទ្ធសាសនា សូមរក្សាភាពអត់ធ្មត់ និងបន្តគោរពនូវបទឈប់បាញ់ ក៏ដូចជាកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ។

គូសបញ្ជាក់ថា គិតមកដល់ពេលនេះ ស្ថានភាពតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ជាពិសេសនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ដែលជាប់នឹងស្រុកមឿង ខេត្តត្រាត ប្រទេសថៃ ឃើញថា មិនទាន់មានភាពធូរស្រាលនៅឡើយ។ យើងទាំងអស់គ្នាពិតជាសោកស្តាយជាពន់ពេក និងសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើឈ្លានពានយ៉ាងព្រៃផ្សៃរបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើដែនអធិបតេយ្យភាព របស់កម្ពុជា ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា បានបាត់បង់ជីវិត និងរងរបួសមួយចំនួន ព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លំនៅឋានប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅតាមបណ្តាតំបន់ជាច្រើន ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ផ្ទាល់។

សកម្មភាពឈ្លានពានដ៏ឃោរឃៅ និងព្រៃផ្សៃរបស់យោធាថៃ មកលើដែនអធិបតេយ្យភាព របស់កម្ពុជា គឺជាទង្វើយង់ឃ្នងព្រៃផ្សៃ អមនុស្សធម៌ អសីលធម៌ គ្មានសច្ចធម៌ និងគ្មានច្បាប់ទម្លាប់ ជាពិសេសបានរំលោភ បំពានម្តងហើយម្តងទៀតនូវធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ព្រមទាំងបានរំលោភបំពានយ៉ាង គឃ្លីនសារជាថ្មីម្តងទៀត លើសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ដែលបានចុះហត្ថលេខារវាង កម្ពុជា និងថៃ ក្រោមការចូលរួមជាសាក្សី ពីសំណាក់ លោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលប្រារព្ធធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។

គិតមកត្រឹមវេលាម៉ោង០៧ និង០០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ខេត្តពោធិ៍សាត់ មានបងប្អូនជាជនភៀសសឹក កំពុងស្នាក់នៅបណ្តោះអាសន្ន នៅទីតាំងមានសុវត្ថិភាព សរុបចំនួន៣,២២១នាក់ ស្មើនឹង៩០០គ្រួសារ ដោយបានការយកចិត្តទុកដាក់ខ្ពស់ អំពីសុខសុវត្ថិភាព និងការហូបចុក ពីសំណាក់លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត៕

k
Share This
Author Image

About news friends
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640