(សៀមរាប)៖ លោកសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យកុមារកម្ពុជា តំណាងរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា គ្រូពេទ្យ ត្រូវចាក់ទុកអ្នកជំងឺ និងអតិថិជន ដូចជាកូន និងក្រុមគ្រួសារ ដើម្បីឲ្យការព្យាបាលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ ជាពិសេសគ្រូពេទ្យត្រូវមានចិត្តមេត្តា ករុណា និងអាណិតអាសូរចំពោះអ្នកជំងឺផងដែរ។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា នៅក្នុងសន្និសីទប្រចាំឆ្នាំលើកទី ១០ របស់មន្ទីរពេទ្យកុមារអង្គរ ស្ដីពីសុខភាពកុមារ ក្រោមប្រធានបទ «បច្ចុប្បន្នភាពជំងឺកុមារ ៧» នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត មួង ណារិន អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកសាស្រ្តាចារ្យ ងួន ច័ន្ទភក្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ព្រមទាំងលោកគ្រូ អ្នកគ្រូពទ្យជាច្រើនចូលរួមផងដែរ។
លោកសាស្ត្រាចារ្យ បានបន្តថា សន្និសីទថ្ងៃនេះ គឺពិតជាព្រឹត្តិការណ៍ដ៏វិសេសវិសាលមួយក្នុងការលើកកម្ពស់នូវគុណភាព ចំណេះជំនាញអ្នកផ្តល់សេវាសុខាភិបាលកម្ពុជាយើង សំដៅធ្វើឱ្យមានសុក្រិតភាពលើការអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងនវានុវត្តន៍បច្ចេកវិទ្យា ដែលជាធនធានចាំបាច់ក្នុងការគាំទ្រដល់ការរីកចម្រើននៃវិស័យសុខាភិបាល។
លោកសាស្ត្រាចារ្យ បន្ថែមថា សកម្មភាពទាំងឡាយដែលមន្ទីរពេទ្យកំពុងតែធ្វើនេះ គឺស្រប និងអនុលោមទៅតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអណត្តិទី៧ ដែលសំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពកុមារ ដែលជាមុំមួយដ៏សំខាន់របស់យុទ្ធសាស្ត្របញ្ចកោណ ក្នុងនោះសម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលបានផ្តល់អាទិភាពជាយុទ្ធសាស្ត្រ៥ គឺ មនុស្ស ទឹក ផ្លូវ ភ្លើង និងនវានុវត្តន៍បច្ចេកវិទ្យា ដូចមន្ទីរពេទ្យ បាន និងកំពុងធ្វើពេលនេះ។
លោកសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា សង្ឃឹមថា សន្និសីទនេះ នឹងផ្តល់ឱកាស និងចែករំលែកយ៉ាងទូលំទូលាយដល់អ្នកចូលរួមទាំងអស់នូវចំណេះដឹង បទពិសោធន៍ និងរបកគំហើញថ្មីៗ នៅក្នុងសកលលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផ្ទាល់។
លោកសាស្រ្តាចារ្យ ងួន ច័ន្ទភក្រ្តា បានឲ្យដឹងថា មន្ទីរពេទ្យកុមារអង្គរ ក្រោមកិច្ចសហការណ៍ជាមួយក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តសៀមរាប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ក្នុងគោលបំណងផ្តល់ការពិនិត្យ ព្យាបាល និងថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ និងដោយឥតគិតថ្លៃ ចំពោះកុមារមកពីគ្រួសារក្រីក្រ ចូលរួមពង្រឹងប្រព័ន្ធសុខាភិបាល តាមរយៈការបណ្តុះបណ្តាលវេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាល ព្រមទាំងផ្ដល់ការអប់រំសុខភាព និងវិធានការការពារជំងឺដង្កាត់ផ្សេងៗដល់ប្រជាពលរដ្ឋ និងសាលារៀននៅក្នុងសហគមន៍។
លោកសាស្រ្តាចារ្យ បញ្ជាក់ថា ជារៀងរាល់ថ្ងៃ មានកុមារប្រមាណ ៣០០ ទៅ ៤០០នាក់ មកទទួលការព្យាបាល នៅមន្ទីរពេទ្យកុមារអង្គរ និងចាប់តាំងពីមន្ទីរពេទ្យ បើកដំណើរការរហូតដល់ពេលបច្ចុប្បន្ននេះ បានផ្ដល់ការព្យាបាលកាលដល់កុមារកម្ពុជាប្រមាណ ៣លានករណី។
លោកសាស្រ្តាចារ្យ ងួន ច័ន្ទភក្រ្តា ក៏បានថ្លែងអំណរគុណចំពោះវត្តមានរបស់គណៈអធិបតី សាស្រ្ដាចារ្យ វាគ្មិន និងអ្នកចូលរួមទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមចែករំលែក និងទទួលយកបទពិសោធន៍ និងចំណេះដឹងថ្មីៗពីសន្និសីទថ្ងៃនេះ ដែលឆ្លុះបញ្ចាំងពីឆន្ទៈក្នុងការចូលរួមលើកកម្ពស់គុណភាពសេវាសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
លោកវេជ្ជបណ្ឌិត មួង ណារិន បានលើកឡើងថា ការរៀបចំសន្និសីទនេះ គឺជាប្រធានបទមួយផ្តល់នូវការចែករំលែកបទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធនឹងការពិនិត្យ ព្យាបាល និងថែទាំសុខភាពកុមារក្នុងការចូលរួមចំណែកធ្វើឱ្យប្រសើរនូវគុណភាពនៃការថែទាំព្យាបាល និងកាត់បន្ថយអត្រាមរណៈភាពរបស់ទារក និងកុមារកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រជាអាទិភាពរបស់ក្រសួងសុខាភិបាល។
លោកវេជ្ជបណ្ឌិត បញ្ជាក់ថា មន្ទីរពេទ្យកុមារអង្គរ បានចូលរួមចំណែកយ៉ាងច្រើនក្នុងការជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តសៀមរាប លើវិស័យសុខាភិបាល ដោយបាន និងកំពុងផ្ដល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពជូនដល់កុមារកម្ពុជា ពោល គឺចាប់តាំងពីឆ្នាំ ១៩៩៩ មកដល់សព្វថ្ងៃនេះ មានរយៈពេល ២៧ឆ្នាំហើយ។
ជាមួយនេះ លោកវេជ្ជបណ្ឌិត មួង ណារិន បញ្ជាក់ថា ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការការចូលរួមយ៉ាងសកម្មលើសកម្មភាពជួយសង្គ្រោះ ជីវិតកុមារកម្ពុជា ដោយក្តីមនុស្សធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់។ ហើយក៏ជាទឹកចិត្ត ដ៏ប្រពៃមួយក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ ការលើកតម្កើនវប្បធម៌ចែករំលែក ការជួយគ្នាទៅវិញទៅមក ជាពិសេសការជួយទ្រទ្រង់វិស័យសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ផ្នែកសុខុមាលភាពកុមារ ដែលជាទំពាំងស្នងឫស្សី និងជាសរសរទ្រូងនៃប្រទេសជាតិនាពេលអនាគត៕






























0 comments:
Post a Comment