សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

ផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

Saturday, November 21, 2026

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល អញ្ជើញចូលរួមទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៦ នៅខេត្តស្វាយរៀង ដើម្បីពង្រឹងសមត្ថភាព និងគុណភាពសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ

ចំនួនអ្នកទស្សនា: Views

(ស្វាយរៀង)៖ លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីអបអរសាទរទិវា អភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៦ ខេត្តស្វាយរៀង ដែលរៀបចំឡើងដោយក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង និងក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀង។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ដោយបានរៀបចំទាំងនៅកន្លែងផ្ទាល់ និងតាមរយៈប្រព័ន្ធ Zoom សម្រាប់អ្នកចូលរួមពីក្រៅខេត្ត ដែលមានការចូលរួមពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត បុគ្គលិកសុខាភិបាល និងក្រុមហ៊ុនឱសថយ៉ាងច្រើនកុះករផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានលើកឡើងពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយបច្ចុប្បន្នខេត្តមានមន្ទីរពេទ្យខេត្ត១ មន្ទីរពេទ្យបង្អែកស្រុក៥ មណ្ឌលសុខភាព៤៩ ប៉ុស្តិ៍សុខភាព៤ ព្រមទាំងសេវាឯកជនជិត២០០ទីតាំង ដោយមានមន្ត្រីសុខាភិបាលសរុប៨៦៧រូប។

លោកបានបញ្ជាក់ថា សមិទ្ធផលទាំងនេះសម្រេចបានដោយសារការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងកិច្ចសហការពីគ្រប់ស្ថាប័នពាក់ព័ន្ធ។

ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរបានអំពាវនាវដល់វេជ្ជបណ្ឌិត និងគ្រូពេទ្យទាំងអស់ ទាំងវិស័យរដ្ឋ និងឯកជន ត្រូវបន្តពង្រឹងសមត្ថភាពបច្ចេកទេស និងសន្សំពិន្ទុក្រេឌីត (Credit) តាមរយៈការចូលរួមវគ្គបណ្ដុះបណ្ដាលបន្តបែបនេះ ដើម្បីបន្តសុពលភាពអាជ្ញាបណ្ណ និងលើកកម្ពស់គុណភាពសេវាព្យាបាលជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ឡឹម តារា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់គ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ក្នុងការលើកកម្ពស់គុណភាព និងសុវត្ថិភាពសេវាសុខាភិបាល។

លោកសាស្ត្រាចារ្យបានបញ្ជាក់ពីតួនាទីសំខាន់របស់គណៈគ្រូពេទ្យកម្ពុជា ក្នុងការគ្រប់គ្រង និងធានាគុណភាពវិជ្ជាជីវៈវេជ្ជសាស្ត្រ តាមរយៈការចុះបញ្ជី និងផ្ដល់អាជ្ញាបណ្ណ ការកំណត់បទដ្ឋានវិជ្ជាជីវៈ ការត្រួតពិនិត្យការអនុវត្ត និងការជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្ត ដើម្បីធានាថាគ្រូពេទ្យមានសមត្ថភាព និងសុចរិតភាពក្នុងការបម្រើសង្គម។

បន្ថែមលើសពីនេះ លោកសាស្ត្រាចារ្យក៏បានលើកឡើងពីសារៈសំខាន់នៃការគោរពច្បាប់ បទប្បញ្ញត្តិ និងក្រមសីលធម៌វិជ្ជាជីវៈ ដែលផ្អែកលើគោលការណ៍ដាក់ផលប្រយោជន៍អ្នកជំងឺជាចម្បង មិនបង្កគ្រោះថ្នាក់ គោរពសេចក្ដីថ្លៃថ្នូរ និងសិទ្ធិសម្រេចរបស់អ្នកជំងឺ ព្រមទាំងមានភាពស្មោះត្រង់ និងទំនួលខុសត្រូវខ្ពស់ក្នុងការអនុវត្តវិជ្ជាជីវៈ។ ជាមួយគ្នានេះ គ្រូពេទ្យត្រូវគោរពដែនកំណត់វិជ្ជាជីវៈ ដោយអនុវត្តការងារតាមសមត្ថភាព និងបញ្ជូនអ្នកជំងឺទៅអ្នកជំនាញសមស្របនៅពេលចាំបាច់ ដើម្បីធានាសុវត្ថិភាពអ្នកជំងឺផងដែរ។

លោកសាស្ត្រាចារ្យបានគូសបញ្ជាក់ថា ដើម្បីកាត់បន្ថយការចំណាយ និងការធ្វើដំណើរទៅទទួលសេវាព្យាបាលនៅក្រៅប្រទេសរបស់ប្រជាពលរដ្ឋ ក្រសួងសុខាភិបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងវិធានការគន្លឹះជាបន្តបន្ទាប់ ក្នុងគោលដៅលើកកម្ពស់គុណភាពសេវាថែទាំសុខភាព និងកសាងទំនុកចិត្តកាន់តែរឹងមាំលើវិស័យវេជ្ជសាស្ត្រក្នុងស្រុក។

យុទ្ធសាស្ត្រអាទិភាពទាំងនោះ រួមមានការពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងក្រមសីលធម៌របស់បុគ្គលិកពេទ្យ ការបំពាក់ឧបករណ៍ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗនៅតាមមន្ទីរពេទ្យជាតិ និងថ្នាក់ខេត្ត ព្រមទាំងការពង្រីកវិសាលភាពព្យាបាលជំងឺស្មុគស្មាញនានា។ ទន្ទឹមនឹងនេះ ក្រសួងក៏បានជំរុញការកែលម្អប្រព័ន្ធគ្រប់គ្រង និងការផ្ដល់សេវាឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាពខ្ពស់ផងដែរ។

លោកបានបន្តថា មួយវិញទៀត ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ស្របតាមយុទ្ធសាស្ត្រសុខាភិបាលជាតិ គឺជាចលករគន្លឹះដែលមិនអាចខ្វះបាន ក្នុងការជំរុញឱ្យកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្ដប់ សុខភាពជាសាកល។ តាមរយៈយន្តការនេះ ប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព សមធម៌ និងទំនុកចិត្តខ្ពស់ ដែលជួយកាត់បន្ថយបន្ទុកចំណាយ និងការចាកចេញទៅស្វែងរកសេវាព្យាបាលនៅក្រៅប្រទេស៕

k
Share This
Author Image

About ព័ត៌មាន ខ្មែរ
DDD

0 comments:

Post a Comment

 
BENNER
ADS
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640