នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារអន្តរក្រសួង (ក្រសួបរិស្ថាន និងក្រសួងទេសចរណ៍) រួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ ព្រមទាំងប្រជាសហគមន៍តាំងបំពង់ បានចុះដកបង្គោលព្រំដីក្នុងតំបន់ភ្នំខ្នងផ្សារ ក្រោយពីមានការព្រមព្រៀងបញ្ឈប់គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងបួន ដោយប្រគល់ដីចំនួន ៤០ហិកតា ជូនដល់សហគមន៍តាំងបំពង់ ដើម្បីជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលកំពុងបម្រើសេវាកម្មទេសចរណ៍។
ការចុះអនុវត្តនេះ បានធ្វើឡើងក្រោយពី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃ៨ ខែមីនា ឆ្នាំ២០២៥ បានសម្រេចឱ្យលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ តាមរយ:ការដកមកវិញនៅដីដែលមានការបោះបង្គោលព្រំ ដើម្បីថែរក្សាឱ្យបាននូវស្ថានភាពដើមនៃធម្មជាតិ សម្រាប់បម្រើជាឧត្តមប្រយោជន៍ដល់សហគមន៍ និងអ្នកទេសចរ ដោយមិនអនុញ្ញាតឱ្យមានការវិនិយោគនៅលើភ្នំឡើយ។
គួរជម្រាបជូនថា ក្រោយពីបានដកបង្គោលព្រំដី គឺបានផ្តល់នូវស្នាមញញឹម និងពោរពេញដោយក្តីអំណរសាទរ ក៏ដូចជាការថ្លែងអំណរគុណដ៏ជ្រាលជ្រៅពីសំណាក់សហគមន៍ និងប្រជាពលរដ្ឋ ដែលជាអ្នកបម្រើសេវាកញ្ចប់ទេសចរណ៍ពឹងលើសម្រស់ធម្មជាតិដ៏ស្រស់ស្អាតនៃតំបន់ទេសចរណ៍ខ្នងផ្សារ ដែលសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ និងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាសហគមន៍ ហើយសម្រេចឱ្យថែរក្សានូវលក្ខណ:ធម្មជាតិដូចដែលកំពុងមានស្រាប់ និងជាភាពទាក់ទាញសម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ៕ ដោយ៖ កន ចំណាន









0 comments:
Post a Comment