ប្រភព៖ អ៊ីរ៉ង់ខ្លាចថា ការវាយប្រហាររបស់អាមេរិក អាចបញ្ឆេះការតវ៉ាឡើងវិញ និងបង្កគ្រោះថ្នាក់ដល់របបដឹកនាំ
យោងតាមប្រភពផ្ទៃក្នុងពីក្រុមមន្ត្រីបច្ចុប្បន្ន និងអតីតមន្ត្រីចំនួន ៦រូបរបស់អ៊ីរ៉ង់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ថ្នាក់ដឹកនាំអ៊ីរ៉ង់ កំពុងព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក អាចបំផ្លាញការក្ដោបក្តាប់អំណាចរបស់ខ្លួន ដោយជំរុញឱ្យសាធារណជនដែលមានកំហឹងរួចហើយ ត្រឡប់ទៅតាមដងផ្លូវសារជាថ្មី បន្ទាប់ពីការបង្ក្រាបបង្ហូរឈាមលើបាតុកម្មប្រឆាំងរដ្ឋាភិបាល។
ប្រភពមន្ត្រីបច្ចុប្បន្នដែលដឹងពីកិច្ចពិភាក្សាបាននិយាយថា នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ ក្រុមមន្ត្រីបានជម្រាបប្រាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ថា កំហឹងសាធារណជនចំពោះការបង្ក្រាបដ៏ហិង្សាកាលពីខែមុន ដែលជាការបង្ហូរឈាមបំផុតចាប់តាំងពីបដិវត្តន៍អ៊ិស្លាមឆ្នាំ១៩៧៩មក បានឈានដល់ចំណុចមួយដែលភាពភ័យខ្លាចលែងអាចរារាំងក្រុមបាតុករបានទៀតហើយ។
ប្រភពបន្តថា ក្រុមមន្ត្រីក៏បានរាយការណ៍ជូនលោក Khamenei ថា ជនជាតិអ៊ីរ៉ង់ជាច្រើន បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងកងកម្លាំងសន្តិសុខជាថ្មីម្តងទៀត ហើយសម្ពាធខាងក្រៅដូចជាការវាយប្រហារមានកំណត់របស់អាមេរិក អាចធ្វើឱ្យពួកគេកាន់តែមានភាពក្លាហាន និងបង្កការខូចខាតដែលមិនអាចជួសជុលបាន ដល់ស្ថាប័ននយោបាយអ៊ីរ៉ង់។ ប្រភពសង្កត់ធ្ងន់ថា «ការវាយប្រហាររួមផ្សំជាមួយនឹងបាតុកម្មពីសំណាក់ប្រជាជនដែលខឹងសម្បាររួចទៅហើយ អាចនាំឱ្យដួលរលំប្រព័ន្ធគ្រប់គ្រង ដែលនោះគឺជាកង្វល់ចម្បងក្នុងចំណោមមន្ត្រីជាន់ខ្ពស់»។
របាយការណ៍ពីប្រភពមន្រ្តីអ៊ីរ៉ង់ទាំងនេះគឺមានសារៈសំខាន់ណាស់ ពីព្រោះបានបង្ហាញឱ្យឃើញពីការសង្ស័យនៅក្នុងថ្នាក់ដឹកនាំ ដែលផ្ទុយនឹងជំហរសាធារណៈដ៏រឹងរូសរបស់ទីក្រុងតេអេរ៉ង់ ចំពោះក្រុមបាតុករ និងទីក្រុងវ៉ាស៊ីនតោន។ កាលពីសប្តាហ៍មុន ប្រភពជាច្រើនបានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងថ្លឹងថ្លែងជម្រើសនានាប្រឆាំងនឹងអ៊ីរ៉ង់ ដែលរួមមានការវាយប្រហារដាក់គោលដៅលើកងកម្លាំងសន្តិសុខ និងមេដឹកនាំ ដើម្បីជំរុញកម្លាំងចិត្តបាតុករ ទោះបីជាមន្ត្រីអ៊ីស្រាអែល និងអារ៉ាប់និយាយថា កម្លាំងផ្លូវអាកាសតែមួយមុខ មិនអាចផ្តួលរំលំរបបអ៊ីរ៉ង់បានក៏ដោយ៕





0 comments:
Post a Comment